បណ្តាញសង្គម

កម្លាំងនគរបាលអន្ដោប្រវេសន៍​ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ នៅខណ្ឌចំការមន ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងម៉ាស្សា ស្ថិតតាមបណ្តោយផ្លូវលេខ២៨០ និងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន១៣នាក់ ក្នុងនោះស្រី១១នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។

បើតាមលោកប្រធាននាយកដ្ឋាន ដែលជាអ្នកដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៣នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕

ដកស្រង់ពី៖FRESH NEWS