បណ្តាញសង្គម

ក្រសួងមហាផ្ទៃ ជំរុញដល់ភាគីពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ បញ្ហាចរាចរណ៍

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនការជំរុញផ្សព្វផ្សាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកបង្ការ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

 ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋាន និងភាគីពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាបង្កើនការ អប់រំផ្សព្វផ្សាយបញ្រ្ជាបបញ្ហា ចរាចរណ៍នេះ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត នៅពេលដែលចុះជួបជា មួយប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធ បន្ដខិតខំប្រឹងប្រែង រកមធ្យោបាយ ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងចំពោះអ្នកជិះម៉ូតូផងដែរ ខណៈដែលចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍ ដោយសារការជិះម៉ូតូនេះ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា គ្រោះថ្នាក់ ចរាចរក្នុងត្រីមាសទី៣ ឆ្នាំ២០១៧នេះ កើតឡើងមានចំនួន៨២៤លើក ដែលបណ្តាលឱ្យមនុស្ស ចំនួន៤២៦នាក់ស្លាប់ និងរបួសចំនួន១.២១៦នាក់។

ចំពោះមូលហេតុគ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពីកត្តាល្បឿន មានចំនួន៣៦ភាគរយ មិនគោរពសិទ្ធិ ១៧ភាគរយ និងមិនប្រកាន់ស្តាំ១៥ភាគរយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)៕

ដកស្រង់ពី៖ដើមអម្ពិល