បណ្តាញសង្គម

សមត្ថកិច្ចជំនាញ សន្និដ្ឋានជំហ៊ានដំបូងថា ករណីឆេះហាងកុំព្យូទ័រ STC បណ្តាលឲ្យមនុស្ស ឆេះខ្លោចស្លាប់៤នាក់ មកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ ក្រុមមន្រ្តីពន្លត់អគ្គិភ័យ ក៏ដូចជាមន្រ្តីជំនាញ បានដាក់ការសន្និដ្ឋាន ជំហ៊ានដំបូងចំពោះករណី ឆេះហាងកុំព្យូទ័រ មួយមានស្លាកយីហោ «អេស ធី ស៊ី កុំព្យូទ័រ STC computer» ស្ថិតនៅម្ដុំផ្សារតូច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យមនុស្សស្លាប់៤នាក់នោះ គឺមកពីបញ្ហាឆ្លងចរន្តអគ្គិសនី។

 យ៉ាងណាក៏ដោយមន្រ្តីជំនាញ នៅមិនទាន់បញ្ជាក់ពីលទ្ធផល ផ្លូវការនៅឡើយទេ ក្រៅពីការសន្និដ្ឋានជំហ៊ានដំបូង ថាបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ហើយលទ្ធផលច្បាស់ការ និងត្រូវ រងចាំដល់ពេលបញ្ចប់ការស៊ើបអង្កេត។

គួររំលឹកថា នៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បុរស៤នាក់ បានស្លាប់ យ៉ាងអណោចអធម ក្នុងផ្សែងភ្លើង ដែលឆាបឆេះខ្មួលខ្មាញ់ នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិច និងកុំព្យូទ័រយីហោ អេស ធី ស៊ី កុំព្យូទ័រ ស្ថិតនៅចំណុចផ្តះលេខ3B ផ្លូវលេខ៧០ ជិតផ្សាទួលសង្កែរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


ជនរងគ្រោះទាំង៤នាក់ គឺជាម្ចាស់ហាង និងបុគ្គលិក ដែលកំពុងតែសម្រាក នៅខាងក្នុងហាងជាន់ខាងលើ ដោយចាក់សោកខាងក្នុង ហើយដោយភ្លើងឆេះ ចេញជាផ្សែងខ្លួលខ្មាញ់ ធ្វើឲ្យជនរងគ្រោះរកផ្លូវចេញមិនឃើញ ថប់ដង្ហើមរោលខ្លោចពេញខ្លួន បណ្តាលឲ្យ ស្លាប់ យ៉ាងវេទនា នៅក្នុងផ្សែងភ្លើង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ផ្សែងខ្មៅហុយ ចេញពីហាងលក់កុំព្យូទ័រ យីហោ អេស ធី ស៊ី កុំព្យូទ័រ យ៉ាងខ្មួលខ្មាញ់ ហើយក៏រាយការណ៍ ទៅសមត្ថកិច្ចឲ្យមកជួយ អន្តរាគមន៍ ។

ប្រភពបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងអាវុធជាច្រើននាក់ និងរថយន្ដពន្លត់ អគ្គិភ័យ ជាច្រើនគ្រឿង បានទៅដល់កន្លែងកើតហេតុ ធ្វើការគាស់និងវាយបំបែក ទ្វារកញ្ចក់បាញ់ទឹកពន្លត់ ដើម្បីជួយអ្នកដែលជាប់ នៅខាងក្នុងហាង តែដោយស្ថានភាព ផ្សែងហុយខ្លាំងពេក បណ្ដាលឲ្យជនរងគ្រោះទាំង៤នាក់ ដែលជាប់នៅខាងក្នុងនោះ មិនអាចទ្រាំទ្របាន ទើបបណ្ដាលអោយថប់ដង្ហើម ឆេះរោលខ្លោចពេញខ្លួនស្លាប់ នៅក្នុងផ្សែងភ្លើង យ៉ាងអណោចអធមតែម្ដង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរបានបន្តថា ជនរងគ្រោះទាំង៤នាក់ គឺជាម្ចាស់ហាង និងបុគ្គលិកដែលធ្វើការនៅទីនោះ ហើយតែងតែសម្រាក នៅក្នុងហាងជា រៀងរាល់ថ្ងៃផងដែរ ។ ក្នុងហេតុការណ៍នេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ក៏បានចុះជួយអន្តរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុផងដែរ ។

បើតាមន្រ្តីពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះដែរ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់ អគ្គិភ័យ សរុបចំនួន១២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២០រថយន្ត ទើបគ្រប់គ្រង ហើយអគ្គិភ័យបានរលត់ទាំងស្រុង នៅម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ចំណែកសពជនរងគ្រោះទាំង៤នាក់  ត្រូវបានយកទៅដម្កល់ នៅមន្ទីរពេទ្យកាលម៉ែត ដើម្បីរងចាំសាច់ញាត្តិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពិ៖ដើមអម្ពិល