បណ្តាញសង្គម

រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

កំពង់ស្ពឺ៖ រថយន្តធុនធំ ១គ្រឿង បានបុកម៉ូតូ ១គ្រឿង ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាលើស្ពាន ហើយជ្រុលទៅបុកបង្កានដៃស្ពាន បាក់អស់២ផ្ទាំង និងបណ្ដាលឲ្យមនុស្ស ចំនួន ២នាក់ បានរងរបួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានព្រែកដៃស្ទឹងអាលាំងជ្រៃ ស្ថិតក្នុងភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

 បើតាមមន្ត្រីនគរបាលខេត្ត បានឲ្យដឹងថា មុនកើតហេតុមានរថយន្ដ ១គ្រឿង Fighter ពណ៌ស  ពាក់ស្លាកលេខចង្កូតស្ដាំ PP-2117 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ក្រោយកើតហេតុរត់គេចខ្លួនបាត់)  បើកក្នុងទិសពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខឈ្មោះ រឹត ហន ភេទប្រុស អាយុ៤២ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះ ហុន ហាន ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងជិះក្នុងទិសពីជើងទៅត្បូង បណ្ដាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់-ស្រាល  ។

នគរបាលបានបញ្ជាក់ថា បច្ចុប្បន្ន វត្ថុតាងទាំងរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល