បណ្តាញសង្គម

ទៀតហើយ! អ្នកភូមិ៣២នាក់ ក្នុងឃុំសែនដី ពុលនំបញ្ចុក

កំពង់ស្ពឺ៖ អ្នកភូមិ ក្នុងឃុំសែនដី ស្រុកសំរោងទង ចំនួន៣២នាក់ បានពុលនំបញ្ចុក ដោយអាការៈចុកពោះ ក្អួតចង្អោរ វិលមុខ បន្ទាប់ពីពួកគាត់បានទិញនំបញ្ចុក ដែលគេលក់តាមភូមិយកមហហូប កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។

បើតាមលោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង បានឲ្យដឹងថា អ្នកភូមិដែលពុលនំបញ្ចុក ត្រូវបានក្រុមសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងខាងមន្រ្តីសុខាភិបាល ខេត្តកំពង់ស្ពឺ ចុះទៅពិនិត្យ និងបញ្ជូនមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យបង្អែក។ លោកអភិបាលស្រុកសំរោងទង បន្តទៀតថា អ្នកភូមិជិត៤០នាក់ ក្នុងភូមិត្រពាំងកេស និងភូមិស្រះស្រង់ ឃុំសែនដី បានពុលនំបញ្ចុក ខ្លះមានអាការៈចុកពោះ រាគរូស ក្អួតចង្អោរ ហើយការពុលនោះ មានច្រើនភូមិណាស់ មានតាំងពីឃុំពេជមុនី ស្រុកគងពិសី ឃុំសែនដី ឱ្យតែទិញនំបញ្ចុក ដែលគេដឹកលក់តាមម៉ូតូហូប គឺពុលគ្រប់គ្នា ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

បើតាមអ្នកភូមិបានឲ្យដឹងថា អ្នកដែលរស់នៅភូមិស្រះស្រង់ ជាច្រើននាក់ បានកើតអាការៈចុកពោះ ក្អួតចង្អោរ វិលមុខ បន្ទាប់ពីបានហូបនំបញ្ចុក របស់យាយ យ៉ិច រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដឹកតាមម៉ូតូដើរ លក់តាមភូមិនោះ ពេលហូបរួចហើយ បានបង្កឲ្យពួកគាត់ចុក រាគរូស និងក្អូតចង្អោរតែម្តង ។ អ្នកភូមិបញ្ជាក់ទៀតថា ក្រោយពីទិញនំបញ្ចុកហូបរួច មួយសន្ទុះក្រោយមក ចាប់ផ្តើមពុលបន្តបន្ទាប់ ទាំងក្មេងទាំងចាស់ អ្នករងគ្រោះធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។

លោក អោ វ៉ាន់ថេន ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងរសៀល ថ្ងៃទី១៤ ខែមិថុនានេះថា អ្នកដែលពុលទាំងនោះ មានគ្នាប្រមាណជា៤០នាក់ ក្នុងនោះមានម្នាក់ធ្ងន់ធ្ងរ បានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តហើយ ដើម្បីជួយសង្គ្រោះ មូលហេតុអ្វីដែលបង្កឱ្យ ពុលដោយសារអ្វីទេ គ្រាន់តែដឹងថា បន្ទាប់ពីពួកគាត់ទិញនំបញ្ចុក ដែលគេដឹកដើរលក់រួច កើតមានអាការៈចុក រាគរូស និងក្អួតចង្អោរ តែគ្មានអ្វីធ្ងន់ធ្ងរទេ ព្រោះពេលនេះ ក្រុមគ្រួពេទ្យបានជួយចាក់ថ្នាំ និងដាក់ស៊ឺរ៉ូម ជួនពួកគាត់គ្រប់ៗគ្នា ។

បើតាមប្រធានមន្ទីរពេទ្យបង្អែក សន្និដ្ឋានក្រៅផ្លូវការថា សង្ស័យមកពីបន្លែច្រើនជាង អាចអ្នកលក់នំបញ្ចុក គាត់លាងសំអាតមិនបានស្អាត ម្យ៉ាងបន្លែភាគច្រើន បច្ចុប្បន្នអាចមានជាតិគីមី ៕

ដកស្រង់ពី៖ដើមអម្ពិល