បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង សម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋព្រោះរឿងចរាចរណ៍

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង និងបន្ថយស័ក្តិ មន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់ គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវ ជាតិលេខ១ហើយ ។

ការប្រកាសដកតំណែង និងដកស័ក្តិ មន្រ្តីនគរបាលរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងមហាជនសម្តែង ការសាទរជាខ្លាំង ។ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យ ដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា ដោយយោងតាមការ ស្នើរបស់នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ សម្តេចក្រឡាហោម ស ខេង បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុត ទៅលើមន្រ្តីនគរបាល លឹម ចំណាន ដើម្បីជាការព្រមាន និងដាក់ទណ្ឌកម្ម ចំពោះទោសកំហុសដ៏ធ្ងន់ធ្ងរ របស់មន្រ្តីនគរបាលរូបនេះ ។

បើតាមលោក អ៊ាវ ចំរើន ទណ្ឌកម្មដែល ដាក់លើលោក លឹម ចំណាន នេះរួមមាន៖ ព្រមានជាលាយលក្ខណ៍ អក្សរមិនឲ្យ មានលើកទី២, បន្ថយឋានន្តរសក្តិ ពីវរៈសេនីយ៍ទោមក វរៈសេនីយ៍ត្រី និងដកតំណែងពី អនុការិយាល័យ មកជាមន្ត្រីនគរបាលធម្មតា ។

សូមជំរាបបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧ ៖៥៨នាទី លោក លឹម ចំណាន បានបើករថយន្ត បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១ ។ លុះមានបើកជិត ដល់បុរីប៉េងហួតបឹងស្នោរ ក្នុងទិសដៅស្របទិសគ្នា ជាមួយរថយន្ត មួយគ្រឿងទៀត បានបើករថយន្ត ជែងខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយ គ្រឿងទៀត ប៉ះកញ្ចក់ ហើយមិនព្រមឈប់ ដោះស្រាយនោះឡើយ បែរជាបង្អង់ល្បឿន រថយន្តបើកញ្ចក់បាញ់ មួយគ្រាប់គំរាម ម្ចាស់រថយន្ត ដែលប៉ះគ្នានោះ ហើយបើកគេចខ្លួនតែម្តង ៕

ដកស្រង់ពី៖ដើមអម្ពិល