បណ្តាញសង្គម

កម្ពុជាជួបបញ្ហាក្នុងការគ្រប់គ្រង ជនអន្តោប្រវេសន៍ វៀតណាម

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា កម្ពុជាប្រឈមបញ្ហាពិបាក ក្នុងការគ្រប់គ្រង ជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលមករស់នៅលើទឹកដីកម្ពុជា ជាពិសេស គឺ ជនជាតិវៀតណាម។

 របាយការណ៍បានឲ្យដឹងទៀតថា “ជនបរទេសអន្តោប្រវេសន៍ ជាពិសេស ជនជាតិវៀតណាម ក្រោយពេលបានត្រួតពិនិត្យ ជំរឿនឆ្នាំ២០០២ មានបង្កាន់ដៃត្រូតពិនិត្យ (ប៣) មិនព្រមមកដាក់ពាក្យ សុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងដាក់ពាក្យ សុំប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ ដោយយកលេសថា ខ្វះថវិកាបង់ និងមួយចំនួនរស់នៅបាន ដោយមានការកាន់កាប់ ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីខុសច្បាប់”។

របាយការណ៍ថា ក្នុងឆ្នាំ២០១៥-២០១៦ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានទាក់ទងជាមួយ ជនអន្តោសប្រវេសន៍វៀតណាមផ្ទាល់ ហើយផ្តល់ថវិកា សម្រាប់ថ្លៃបង់ ឲ្យបានប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនជាតិវៀតណាម ដែលខ្វះលទ្ធភាព។

ប្រភពឲ្យដឹងទៀតថា ជនបរទេសអន្តោប្រវេសន៍ មួយចំនួន  អាចធ្វើការប្រកបមុខរបរ ជាទូទៅ ដូចពលរដ្ឋខ្មែរដែរ បើប្រៀបធៀបទៅនឹងច្បាប់ អន្តោប្រវេសន៍ ប្រទេសជិតខាង  គេបានកំណត់ កន្លែងរស់នៅ និងកំណត់មុខរបរមួយចំនួន សម្រាប់ជនបរទេសអន្តោប្រវេសន៍។

របាយការណ៍បានអះអាងថា ជនបរទេសអន្តោប្រវេសន៍ មួយចំនួន  បានកាន់កាប់ឯកសាររដ្ឋបាល ទាំងពីរប្រទេស ជាជនជាតិវៀតណាម និងជនជាតិខ្មែរផង ហើយពួកគេចល័តទៅមក រស់នៅប្រទេសវៀតណាមផង និងប្រទេសកម្ពុជាផង តាមពេលវេលា ដែលអំណោយផល ផ្នែកសេដ្ឋកិច្ច ជីវភាព និង ដោយកត្តាផ្សេងៗ ទៀតដូចជា នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ជាដើម។

របាយការណ៍បានគូសផងដែរថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខ្លះ នៅតែបន្តចេញលិខិតស្នាមរដ្ឋបាល របស់កម្ពុជា ឲ្យដល់ជនបរទេសខុសច្បាប់ ដូចនេះហើយ ទើបជនបរទេស នៅតែអាចបន្តចូលមកកម្ពុជាខុសច្បាប់ ដើម្បីតាំងទីលំនៅ ទោះបីបានរកឃើញ ឃាត់ខ្លួន និងបណ្ដេញចេញ ជាបន្តបន្ទាប់ក្ដី ក៏នៅមានការឆ្លៀត តាមរយៈការចេញ-ចូល ឆ្លងដែន ពិសេស ព្រំដែនកម្ពុជា-វៀតណាម  ពួកគេអាចឆ្លៀតឱកាស បានតាមការព្រមព្រៀង ឲ្យចូលត្រឹមខេត្ត  តែបន្តទៅរស់នៅកន្លែងផ្សេង  បន្តចូលតាមរយៈការជួលដីស្រែ ការទូទាត់ផលប្រយោជន៍  និងកត្តាភូមិសាស្រ្ត លាតសន្ធឹងយ៉ាងវែង៕

ដកស្រង់ពី៖ដើមអម្ពិល