បណ្តាញសង្គម

ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បញ្ជាក់ជាថ្មីថា៖ ម្ចាស់យានយន្តដែលមិនកាត់ឈ្មោះ មិនមានការផាកពិន័យ ឬមានទោសនោះទេ ប្រសិនបើមិនបានប្រព្រឹត្តិបទល្មើសចរាចរណ៍ !

(ភ្នំពេញ)៖ ដើម្បីបញ្ជាក់ជូនសាធារណជនឲ្យបានច្បាស់, នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់សារជាថ្មីថា ម្ចាស់យានយន្តទាំងឡាយណាដែលមិនមានកាត់ឈ្មោះ គឺមិនមានការពិន័យ ឬមានទោសប្រឈមជាមួយផ្លូវច្បាប់នោះទេ ប្រសិនបើមិនបានប្រព្រឹត្តបទល្មើលចរាចរណ៍ និងគ្រោះចរាចរណ៍ផ្សេងៗ។

 ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «ការមិនបានផ្ទេរកម្មសិទ្ធិ គឺមិនទទួលការពិន័យទេ គ្រាន់តែម្ចាស់យានយន្តបង្ហាញ ពីឯកសារ ទិញលក់ ដល់សមត្ថកិច្ច។ ប៉ុន្តែផលវិបាកខាងផ្លូវច្បាប់ចំពោះម្ចាស់យានយន្ត មិនបានផ្ទេរកម្មសិទ្ធិនៅតែមាន ប្រសិនបើយានយន្ត ទាំងនោះជាប់ពាក់ព័ន្ធបទល្មើសចរាចរណ៍ ដូចជា រថយន្តបើកបរលើសល្បឿនកំណត់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា «ជាក់ស្តែងអគ្គស្នងការនគរបាលជាតិ នឹងកែសម្រួលវិធានការពិន័យ អ្នកបើកបរល្មើសល្បឿនកំណត់ ដោយមិនបញ្ឈប់យានយន្តល្មើសតាមផ្លូវ ដើម្បីចេញបង្កាន់ដៃពិន័យទេ គឺប្រើប្រាស់ទិន្នន័យចុះបញ្ជីយានយន្ត បញ្ជូនបង្កាន់ដៃពិន័យ និងរូបថត យានយន្តល្មើសល្បឿន ទៅកាន់អាសយដ្ឋានម្ចាស់យានយន្ត អញ្ជើញមកបង់ប្រាក់ពិន័យ នៅស្នាក់ការនគរបាល»

ការអនុវត្តវិធានការពិន័យថ្មីនេះ ក្នុងករណីម្ចាស់យានយន្តមិនបានបង់ប្រាក់ពិន័យលើស៩០ថ្ងៃ នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។

លើសពីនេះករណីម្ចាស់យានយន្ត មិនបានប្រព្រឹត្តបទល្មើសបើកបរលើសល្បឿន តែនៅជាប់ឈ្មោះដោយសារពេលលក់ យានយន្តមិនបានផ្ទេរ កម្មសិទ្ធិ ប៉ុន្តែត្រូវបង្ហាញលិខិតលក់ទិញជូនសមត្ថកិច្ច ដើម្បីគេចផុតការពាក់ព័ន្ធផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEW