បណ្តាញសង្គម

ក្រសួង​សុខាភិបាល ព្រមាន​គ្លីនិក មានជ័យ I ដែល​យកឡានពេទ្យ ដឹកអ្នករបួសដោយ​គ្រោះថ្នាក់ចរាចរណ៍

ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ សហការជាមួយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានហៅវេជ្ជបណ្ឌិត ២រូប ជាម្ចាស់គ្លីនិកមានជ័យ I ដែលមានទីតាំងនៅផ្ទះលេខ១០៧ ផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកធ្វើការបំភ្លឺជុំវិញករណីគ្លីនិកមានជ័យ I បានយករថយន្តគិលានសង្គ្រោះ ( ឡានពេទ្យរបស់ខ្លួន ) ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវខុសច្បាប់ ដែលក្រសួង បានហាមឃាត់។

តាមកំណត់ហេតុ លោកវេជ្ជបណ្ឌិតទាំង ២ ជាម្ចាស់គ្លីនិក មានជ័យ I បានសារភាពប្រាប់ក្រុមការងារថា គ្លីនិករបស់លោក ពិតជាបានយករថយន្តគិលានសង្គ្រោះ ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិក មានជ័យ I ពិតប្រាកដមែន។ ឡានពេទ្យរបស់គ្លីនិក មានជ័យ I ដែលប្រើប្រាស់សម្រាប់ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍នោះ មានពណ៌ស មានស្លាកលេខ ភ្នំពេញ 2BQ-5131 តែត្រូវបានគេក្លែងស្លាកលេខ ដោយបិតថែមបន្ថែមលើលេខ៣ ទៅជា ភ្នំពេញ 2BQ-5181។

ក្រសួងសុខាភិបាល បានសម្រេចឱ្យគ្លីនិក មានជ័យ I បញ្ឈប់ជាបន្ទាន់នូវសកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ ជាដាច់ ចាប់ពីថ្ងៃណែនាំនេះតទៅ។ ផាកពិន័យ ៥លានរៀល ព្រមទាំងព្រមានថា ក្នុងករណីវេជ្ជបណ្ឌិតទាំង ២ មិនគោរពទៅតាមការណែនាំនេះទេ ក្រសួងនឹងមានវិធានការ ដោយបិទគ្លីនិក មានជ័យ I តែម្តង ដោយមិនអនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺទៀតឡើយ។ ពាក់ព័ន្ធករណីនេះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា យើងនឹងធ្វើដូច្នេះ ដូចភ្លៀងរលឹមលើគ្លីនិកឯកជនណា ដែលនៅតែយកឡានពេទ្យ ទៅដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលក្រសួងសុខាភិបាល បានប្រកាសហាមឃាត់៕

ដកស្រង់ពី៖ កោះសន្តិភាព