Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកបាត់ម៉ូតូ អាច​ផ្ទៀងផ្ទាត់ឯកសារ នៅអធិការ​នគរបាល​ខណ្ឌទួលគោក

  • បោះពុម្ព

បន្ទាប់ពីឃ្លុំបេ ហាងបញ្ចាំម៉ូតូខុសច្បាប់ ៣ទីតាំង នៅឃ្លាំងរំសេវ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ បានដកហូតម៉ូតូពីកុងស៊ីខុសច្បាប់ ចំនួន ៣នោះ នូវម៉ូតូចំនួន ២២២គ្រឿង។

ម៉ូតូទាំងនោះ ត្រូវបាននាំទៅស្តុកទុកនៅឃ្លាំងមួយ ក្នុងផ្សាររុងរឿង តាមផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ ហើយប៉ូលិស នឹងស្រង់លេខតួលេខម៉ាស៊ីន និងស្លាកលេខម៉ូតូ តម្កល់នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឱ្យអ្នកធ្លាប់បាត់ម៉ូតូ ទៅពិនិត្យផ្ទៀងផ្ទាត់។ ក្នុងប្រតិបត្តិការត្រួតពិនិត្យ តាមទីតាំងហាងបញ្ចាំម៉ូតូ នៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល ២ថ្ងៃ (ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២២) លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ២ថ្ងៃនេះ អាជ្ញាធរសមត្ថកិច្ច បានរកឃើញទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ នៅតំបន់ឃ្លាំងរំសេវ មានចំនួន ៦០ទីតាំង។ ប៉ុន្តែរយៈពេល ២ថ្ងៃនេះ កម្លាំងអាជ្ញាធរសមត្ថកិច្ច ចុះត្រួតពិនិត្យបានចំនួន ៩ ទីតាំង ដោយរកឃើញទីតាំង ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ចំនួន ៣ទីតាំង ហើយទីតាំង ដែលមានអាជ្ញាប័ណ្ណ ចំនួន ៦ទីតាំង។

លោក ឃ្លាំង ហួត បន្តថា «មានអាជ្ញាប័ណ្ណ ឬមិនមានអាជ្ញាប័ណ្ណ ជារឿងមួយ។ ដោយឡែកទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ សូមប្រកបអាជីវកម្មឱ្យស្របច្បាប់ កុំប្រព្រឹត្តបទល្មើសក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយទទួលបញ្ចាំម៉ូតូខុសប្រក្រតី»។ ក្រៅពីរឹបអូសម៉ូតូចេញពីហាងបញ្ចាំខុសច្បាប់ ជាង ២០០គ្រឿងនោះ សមត្ថកិច្ច ក៏បាននាំខ្លួនមនុស្ស ៥នាក់ យកទៅសាកសួរផងដែរ។ វិធានការរបស់អាជ្ញាធររាជធានីភ្នំពេញលើហាងបញ្ចាំ ដែលជាកុងស៊ីខុសច្បាប់នៅតំបន់ឃ្លាំងរំសេវដ៏ល្បីល្បាញនោះ បានកើតឡើង ក្រោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ដល់រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រាប់ចាប់តាំងពីកន្ទុយលេខ ឬឆ្នោតយួន ឆ្នោតថៃ ដោយគ្មានការលើកលែងឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព