Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​ស្ត្រី​ម្នាក់​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អ្នក​ជិតខាង ដែល​កន្លង​មក​ធ្លាប់​បាត់​ជិត​២​ម៉ឺន​ដុល្លារ

  • បោះពុម្ព

ស្ត្រីម្នាក់ត្រូវបាននគរបាលចាប់ខ្លួន ខណៈពេលចូលទៅក្នុងផ្ទះអ្នកជិតខាងដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ប៉ុន្តែពុំទាន់លួចបានអ្វីផង ក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ រួចខ្ទប់ទ្វារពីខាងក្រៅជាប់តែម្ដង។

ដោយឡែកម្ចាស់ផ្ទះនិយាយថា កន្លងមក គ្រួសាររបស់គាត់ធ្លាប់ត្រូវចោរចូលលួចយកគ្រឿងអលង្ការមាស និងប្លាទីន ព្រមទាំងលុយក្នុងផ្ទះអស់សរុបជិត២ម៉ឺនដុល្លារហើយ។ ប៉ុន្តែពុំដែលរកមុខចោរឃើញឡើយ ទើបតែពេលនេះចាប់បានម្ដង បែរជាអ្នកជិតខាងទៅវិញ តែគាត់ក៏ពុំទាន់ដឹងថា តើជនសង្ស័យម្នាក់នេះគឺជាអ្នកលួចទ្រព្យសម្បត្តិរបស់គាត់កន្លងមកឬពុំមែននោះទេ?។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ស្ត្រីដែលជាជនសង្ស័យខាងលើនេះ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះពិតប្រាកដនោះទេ ដោយអ្នកភូមិហៅថា ម៉ែមីហួយៗ អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ចំណែកម្ចាស់ផ្ទះមានឈ្មោះ កង បាវ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅជាប់ផ្ទះជនសង្ស័យ។

បើតាមស្ត្រីម្នាក់ត្រូវជាប្រពន្ធម្ចាស់ផ្ទះ បាននិយាយប្រាប់ឲ្យនគរបាលឱ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុខាងលើ ខណៈពេលដែលគាត់យកខោអាវទៅហាល ហើយពុំបានបិទទ្វារផ្ទះខាងក្រោយ ស្រាប់តែជនសង្ស័យរូបនោះចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ។ ពេលនោះគាត់អត់បានដឹងនោះទេ ប៉ុន្តែក្រោយពេលហាលរួច គាត់ក៏បានដើរទៅប្រុងចូលទៅយកអីវ៉ាន់ក្នុងផ្ទះ ស្រាប់តែឃើញទ្វារក្រោយបិទ ហើយជាប់គន្លឹះពីខាងក្នុងថែមទៀត។ គ្រានោះ គាត់មានការងឿងឆ្ងល់ខ្លាំងណាស់ ហើយក៏អឺតមើលតាមប្រហោង ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងនោះ គាត់ក៏បានខ្ទប់ទ្វារពីខាងក្រៅជាប់ រួចប្ដឹងនគរបាលឲ្យចុះទៅចាប់ខ្លួនជនសង្ស័យនោះតែម្ដង។

ប្រភពដដែលនិយាយរៀបរាប់បន្តទៀតថា ពេលចាប់ខ្លួននោះ ស្ត្រីសង្ស័យពុំទាន់លួចអ្វីបាននៅឡើយទេ ប៉ុន្តែកន្លងមក គ្រួសាររបស់គាត់ធ្លាប់ត្រូវបានចោរចូលលួចយកគ្រឿងអលង្ការមាស និងប្លាទីន ព្រមទាំងលុយអស់ច្រើនណាស់។ ក្នុងនោះគាត់បាត់គ្រឿងអលង្ការមាសអស់ ៣តម្លឹង៥ជី និងលុយ៥៦០០ដុល្លារ ចំណែកកូនស្រីគាត់បាត់ខ្សែ.កមាស១តម្លឹង ខ្សែ.កប្លាទីន១ខ្សែ ចិញ្ចៀន២វង់ កងដែ១វង់ រីឯកូនកំលោះរបស់គាត់វិញ បាត់ខ្សែ.កប្លាទីន៤ជី ខ្សែដៃ១តម្លឹង៦ជី ហើយប្លាទីនសុទ្ធតែទឹក៧ទាំងអស់។

គាត់បាននិយាយទៀតថា ទោះបីបាត់ច្រើនបែបនេះក្ដី គាត់ពុំដែលរកមុខចោរឃើញឡើយ លុះដល់ថ្ងៃនេះទើបចាប់ចោរបានម្ដង ហើយបែរជាអ្នកដែលរស់នៅជិតខាងគ្នាទៅវិញ តែគាត់ក៏ពុំទាន់ដឹងថា តើជនសង្ស័យម្នាក់នេះគឺជាអ្នកលួចទ្រព្យសម្បត្តិរបស់គាត់កន្លងមក ឬពុំមែននោះទេ?។ ដោយឡែកនគរបាលប៉ុស្តិ៍កន្ទោក ក្រោយពីចាប់ខ្លួនស្ត្រីសង្ស័យនោះបាន ក៏បាននាំទៅធ្វើការសាកសួរភ្លាមៗ ប៉ុន្តែពុំទាន់បង្ហើបឲ្យដឹងថា តើទទួលបានចម្លើយពីស្ត្រីជនសង្ស័យរូបនោះបែបណានៅឡើយទេ?៕

ដកស្រង់ពី៖ កោះសន្តិភាព