បណ្តាញសង្គម

ទើប​ចេញពី​គុក បន្ត​របរ​ចាស់ នាំទុក្ខ​ដោយ​ទាំង​អ្នក​ទទួលផល​ចោរកម្ម ព្រោះតែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីកាច់កម៉ូតូ និងទទួលផលចោរកម្ម ។

ជនសង្ស័យទី១ ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ធ្លាប់ជាចោរលួចទូរសព្ទ លួចម៉ូតូ រហូតចូលពន្ធនាគារអស់មួយឆ្នាំ ពេលចេញមកវិញបានបន្តមុខរបរចាស់ ដោយដើរលួចបន្តទៀត ។ ជនសង្ស័យទី២ ឈ្មោះជឿ វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ស្រុកកំណើតខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរបរបន្ថែមទទួលទិញទំនិញចោរ ធ្លាប់ទិញម៉ូតូ ដែលបានមកពីអំពើលួច រហូតដល់ទៅជាង៧០គ្រឿង ។

សមត្ថិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង១៦នឹង៥០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា មានករណីចោរកាច់កម៉ូតូហុងដា C125 ០១គ្រឿង នៅចំណុចបន្ទប់ជួលលេខ១៤ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ បានចុះធ្វើការស្រាវជ្រាវ ក៏បានជួបប្រទះម៉ូតូ ដែលជនសង្ស័យ ដែលបានកាច់ករួចហើយ យកទៅផ្ញើទុកនៅចំណតផ្ញើម៉ូតូរបស់មន្ទីរពេទ្យរុស្ស៊ី ។

ដោយមានការណែនាំផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាឲ្យកម្លាំងជំនាញ បន្តឃ្លាំមើលជនសង្ស័យ និងបក្សពួក ដើម្បីឃាត់ខ្លួនឲ្យបានទាំងអស់ ។ ខណៈនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-8720 ផលិតឆ្នាំ២០២០, ដែកសម្រាប់កាច់កម៉ូតូចំនួន០១ និងសោរមួលម៉ូតូចំនួន០១ ។

ម៉ូតូដែលចាប់យក ត្រូវបានប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ ។ ក្រោយពីស្តាប់ចម្លើយ និងមានការចង្អុលបង្ហាញពីជនសង្ស័យ លឹម ធារ៉ា ហៅ បូន រ៉ាវី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ជឿ វ៉ា ហៅខ្មៅ នៅចំណុចសួនច្បារវិមានឯករាជ្យ ភូមិម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ឈ្មោះ ជឿ វ៉ា ហៅខ្មៅ បានឲ្យដឹងដែរថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងអំពើលួច និងទទួលផលចោរកម្ម ពិតប្រាកដមែន ដោយកន្លងមកខ្លួនធ្លាប់ទិញមូតូចោរជាង៧០គ្រឿងមកហើយ ព្រោះខ្លួនជាអ្នករកស៊ីលក់ម៉ូតូអត់ពន្ធ ៕

ដកស្រង់ពី៖ កោះសន្តិភាព