បណ្តាញសង្គម

រថយន្តដឹកដីរបស់ក្រុមវិស្វកម្មសម្តេចតេជោ បុក​គោយន្តដឹកអុស របួស ១គ្រួសារ អ្នក​បើកបរ ​គេចខ្លួនបាត់

រថយន្តដឹកដីរបស់ក្រុមវិស្វកម្មសម្តេចតេជោ បានបុកគោយន្តដឹកអុស ពេញទំហឹង បណ្តាលឱ្យ ១គ្រួសារ របួសធ្ងន់ស្រាល ៣ នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាព រុនតាឯក ដឹកយកទៅព្យាបាលភ្លាមៗ។ អ្នកបើកបររថយន្ត បានចុះ រត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅលើផ្លូវកៅស៊ូ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាពថា មុនពេលកើតហេតុ ពួកគាត់ឃើញគោយន្ត បើកបរពីកើតទៅលិច ខណៈពេលនោះ ម្ចាស់គោយន្ត មកដល់ចំណុចកើតហេតុ ក៏ បានលើក ដៃសុំឱ្យរថយន្ត ដឹកដី ឈប់ ដើម្បីគាត់ធ្វើដំណើរទៅមុខ ព្រោះផ្លូវគាត់ បើកត្រង់ រីឯរថយន្តដឹកដីរបស់យោធាវិស្វកម្មសម្តេចតេជោ បើកលឿន មកពីជើង បត់ទៅកើត មកដល់ទល់មុខគ្នា មិនព្រមឈប់ តាមការស្នើសុំរបស់ម្ចាស់គោយន្ត ក៏បុកគោយន្តពេញទំហឹង បណ្តាលឱ្យប្តីរបស់គាត់ ជាអ្នកបើកដួលបោកក្បាលទៅនឹងម៉ាស៊ីនគោយន្ត របួសធ្ងន់ និងប្រពន្ធកូនប្រុស របួសស្រាល។

ប្រភពពីសាក្សីបានរៀបរាប់បន្តថា ក្រោយពេលកើតហេតុ អ្នកបើករថយន្តដឹកដីរបស់ក្រុមវិស្វកម្មសម្តេចតេជោ ឃើញបើកទ្វារឡានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ម៉ាក HINO ពណ៌ស គ្មានស្លាកលេខ នៅពីខាងមុខ មានសម្គាល់ លេខក្នុង (ហ្លូកូ) មានអក្សរ (ហ.ស) នៅកន្លែងកើតហេតុ។ មួយសន្ទុះក្រោយមក ក៏ឃើញរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពរុនតាឯក ដឹកប្តីគាត់យកទៅពេទ្យដេរជាច្រើនថ្នេរ។

ប្រពន្ធជនរងគ្រោះ ឈ្មោះ អ៊ុយ កេង អាយុ ៤៣ឆ្នាំ និងប្តីឈ្មោះ ស សៀន អាយុ ៤៤ឆ្នាំ និងកូនប្រុស ឈ្មោះ ស ដាលីន អាយុ ១៥ឆ្នាំ។ អ្នកទាំង ៣ រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទិញអុសពីប្រជាពលរដ្ឋ រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីយកទៅ ផ្ទះទុកលក់ឱ្យថៅកែឡឥដ្ឋ មិនទាន់បានដល់ពាក់កណ្តាលផ្លូវផង ក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី មកបុកគោយន្តពេញទំហឹង បណ្តាលឱ្យប្តីរបស់គាត់ ចូលពេទ្យ ដេរជាច្រើនថ្នេរ។

អ្នកស្រី រៀបរាប់បន្តថា «បន្ទាប់ពីរថយន្តដឹកដី បុករួច អ្នកបើកបរ បានបើកទ្វារ ចុះមកឃើញពួកខ្ញុំ ហើយ សើចដាក់ខ្ញុំ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ចំពោះពួកខ្ញុំសោះ ហើយក៏ឡើងរថយន្តផ្សេង ចេញទៅបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ»។ ជុំវិញករណីខាងលើនេះ កោះសន្តិភាព បានទំនាក់ទំនងតាមទូរស័ព្ទដៃរបស់លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី។ ប៉ុន្តែលោកអធិការឆ្លើយប្រាប់កោះសន្តិភាពយើងវិញ នៅវេលាម៉ោង ២០ និង០៤ នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះថា «មិនបាច់យកទេ ( ព័ត៌មាន ) ព្រោះរឿងតូចតាច» រួចក៏បិទទូរស័ព្ទទៅវិញ៕

ដកស្រង់ពី៖ កោះសន្តិភាព