បណ្តាញសង្គម

នគរបា​ល២ស្រុ​ក​សហការគ្នា ​តាម​​ចាប់​ក្រុម​ចោរ​​បាន​សម្រេច

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកស្អាង ហើយជិះម៉ូតូគេចខ្លួនចូលទឹកក្រុងតាខ្មៅ ក៏ត្រូវបានកម្លាំងនគរបាលស្រុកស្អាង និងកម្លាំងនគរបាលក្រុងតាខ្មៅបានសហការគ្នាតាមចាប់ខ្លួនក្រុមចោរឆក់ទាល់តែបាន ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងនគរបាលស្រុកស្អាង ដែលដឹកនាំការបង្ក្រាបនេះផ្ទាល់បានប្រាប់អោយដឹងថា ក្រោមការបទបញ្ជាដ៏ម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង គឺ លោកបានដឹកនាំកម្លាំងនគរបាលស្រុកស្អាង តាមចាប់ខ្លួនក្រុមចោរឆក់កាបូបនេះទាល់តែបាន ។លោកអធិការងបន្តថា ជនរងគ្រោះឈ្មោះ ជឹម ហឿន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យ២នាក់ មាន ឈ្មោះ ស៊ឹម ចាន់ អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ និងឈ្មោះ អ៊ុច ប៊ុនថន អាយុ២០ឆ្នាំ ជាអ្នកឆក់ ។សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅស្រុកកោះធំ មកដល់ចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានជនសង្ស័យទាំង២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ស ផ្លាកលេខត្បូ ងឃ្មុំ1T-9782 ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះបាន រួចក៏ជិះម៉ូតូសំដៅទៅក្រុងតាខ្មៅ ។ពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលស្រុកស្អាង បានដេញតាមពីក្រោយ និងសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការពទ្ធ័ចាប់បានជនសង្ស័យទាំង២នាក់ នៅចំណុចក្នុងទឹកទន្លេ ភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព