បណ្តាញសង្គម

ប៉ូលិស​ប្រើ​ហិង្សា​ជាន់ក​ជនសង្ស័យ បណ្ដាល​ឲ្យ​ផ្ទុះ​ការ​រិះគន់​ក្នុង​បណ្តាញ​សង្គម

រាជធានីភ្នំពេញ ៖ ការរិះគន់ជាច្រើនបានកើតមានតាមបណ្តាញសង្គម នៅពេលដែលពួកគេបានឃើញវីដេអូឃ្លីប ដែលសមត្ថកិច្ចប្រើហិង្សាលើជនសង្ស័យគ្រឿងញៀនម្នាក់នៅតាមដងផ្លូវ។

ខណៈដែលមានការទទួលស្គាល់ អំពីតួនាទីប៉ូលិសនៅក្នុងការបង្ក្រាបជនខិលខូចក្នុងសង្គមនោះ អ្នកបណ្តាញសង្គមថា ប៉ូលិសប្រើហិង្សាធ្ងន់ពេក លើជនសង្ស័យ។

មនុស្សម្នាបានបង្ហាញអារម្មណ៍ អាណិតដល់ជនសង្ស័យ។ មានមតិមួយចំនួនតូចបានយល់ថា ប៉ូលិសវ៉ៃជនសង្ស័យក៏ព្រោះតែជនសង្ស័យនោះធ្វើការតដៃ។ យោងតាមខ្សែវីដេអូឃ្លីបមួយ ដែលបានបង្ហោះចែកចាយពាសពេញបណ្តាញ សង្គម ដែលកម្លាំងសមត្ថកិច្ចមានគ្នា៣នាក់ ដោយម្នាក់បានប្រើជង្គង់ សង្កត់ពីលើក.ជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានប្រើហិង្សាដោយបានទាត់ធាក់ បន្ថែមផងដែរ។

ជុំវិញបាតុភាពនេះ លោកវរសេនីយ៍ទោ ម៉ោ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់កោះសន្តិភាព កាលពីវេលាយប់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអេឡិកត្រូនិច WhatsApp ឲ្យដឹងថា ៖ «ករណីខាងលើ កើតឡើងកាលពីវេលាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ គឺកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ បានចុះបង្ក្រាបជនជួញដូរថ្នាំញៀន ដោយជនសង្ស័យដែលត្រូវ សមត្ថកិច្ចសង្កត់ក រូបនោះគឺជាមុខសញ្ញាយ៉ាងសកម្ម ទាំងប្រើប្រាស់ និងជួញដូរផងដែរ»។

លោកអធិការបន្តថា នៅថ្ងៃកើតហេតុ អំឡុងពេលសមត្ថកិច្ចចុះធ្វើការបង្ក្រាបនោះ ជនសង្ស័យបានធ្វើសកម្មភាពតបតទៅលើកម្លាំង សមត្ថកិច្ច ដោយបានយកដំបងជាអាវុធសម្រាប់វាយតបតពេលដែលសមត្ថកិច្ចព្យាយាមចាប់រូបគេ។

លុះពេលចាប់បានហើយនោះ ក៏មានការសង្កត់ក និងទាត់ធាក់ជនសង្ស័យ ដូចខ្សែវីដេអូដែលបានបង្ហាញស្រាប់ តែម្តងទៅ។លោកអធិការក៏បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។

ករណីមួយនេះបានបង្ហាញថាសមត្ថកិច្ចត្រូវបង្កើនការទទួលខុសត្រូវ និងបំពេញតួនាទីតាមច្បាប់កំណត់ ខណៈដែលរាល់សកម្មភាពងាយនឹងត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហើយបានធ្វើឲ្យការបំពេញការងារក្នុងចេតនាល្អដើម្បីសង្គមក្លាយជាការបង្ហាញការប្រើអំណាចជ្រុលទៅលើជនសង្ស័យ៕

ដកស្រង់ពី៖កោះសន្តិភាព