បណ្តាញសង្គម

ផ្ទុះ​កំហឹង​វាយ​បុរស​ម្នាក់​រយះ​ក្បាល​ដេរ​២០​ថ្នេរ គ្រាន់តែ​និយាយ​ថា «​សម្លុត​ម្ដាយ​ធ្វើ​អ្វី​»

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតទាញដំបងឈើវាយសំពងបុរសម្នាក់ទៀតបណ្ដាលឱ្យបែកក្បាលរយះហូរឈាមកក្លាក់ និងត្រូវគ្រូពេទ្យដេរចំនួន២០ថ្នេរ ដែលកំហឹងនេះផ្ដើមចេញពីជនដៃដល់បានស្រែកសម្លុតគំរាមកំហែងទៅលើម្ដាយបង្កើតខ្លួនឯង។ ស្របពេលនោះជនរងគ្រោះកំពុងដេកលេងលើអង្រឹងក្រោមផ្ទះរបស់ជនដៃដល់ដែរនោះ ពេលមើលឃើញកាយវិការ និងស្ដាប់ទៅមិនសមរម្យ ក៏ណែនាំនិងឃាត់ជនដៃដល់ ដោយជនរងគ្រោះនិយាយថា «សម្លុតម្ដាយធ្វើអ្វី» ពេលនោះធ្វើឱ្យជនដៃដល់ខឹងក៏វាយសំពងបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់តែម្ដង។

ហេតុការណ៍ខាងលើនេះបានង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនដៃដល់ ស្ថិតនៅក្នុងភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនដៃដល់ឈ្មោះហង់ ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន និងដកហូតបានដំបងឈើជ្រុង១កំណាត់ប្រវែង៦តឹកផងដែរ ។

ចំណែកបុរសរងគ្រោះឈ្មោះពង សត់ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។តាមប្រភពពីនគរបាលបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ីនៅក្នុងភូមិ លុះពេលស្រវឹងក៏ដើរទៅដេកនៅលើអង្រឹងក្រោមផ្ទះរបស់ជនដៃដល់ ព្រោះជាអ្នកជិតខាងនឹងគ្នា ។

បន្តិចក្រោយមក មានស្ត្រីម្នាក់បានធ្វើដំណើរទៅកាន់ផ្ទះនោះដែរ ដើម្បទារលុយដែលបងស្រីរបស់ជនសង្ស័យជំពាក់ ប៉ុន្តែពេលស្ត្រីម្នាក់នោះទៅដល់មិនបានជួបបងស្រីរបស់ជនដៃដល់ឡើយ គឺបានជួបតែម្ដាយរបស់ជនដៃដល់ប៉ុណ្ណោះ ហើយស្ត្រីខាងលើក៏បានសួររកកូនស្រីដែលជំពាក់លុយខ្លួន ស្របពេលនោះជនដៃដល់បានមកដល់ល្មម ក៏បានស្រែកសម្លុតគំរាមកំហែងម្ដាយដោយនឹកស្មានថា ម្ដាយជំពាក់លុយស្ត្រីខាងលើនោះ ។

តាមប្រភពដដែលបានបន្តថា ក្រោយពេលឃើញជនដៃដល់បញ្ចេញកាយវិការមិនគួរគប្បី និងប្រើពាក្យសម្ដីមិនសមរម្យជាកូននិងម្ដាយនោះ បុរសរងគ្រោះក៏បានរារាំងនិងណែនាំ ព្រមទាំងស្ដីបន្ទោសជនដៃដល់នេះថា «សម្លុតម្ដាយធ្វើអ្វី» ។

គ្រាន់តែនិយាយប៉ុណ្ណឹងសោះ ធ្វើឲ្យជនដៃដល់ទាញដំបងឈើជ្រុងវាយសំពងទៅលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលហូរឈាមកក្លាក់តែម្ដង។ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច និងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់នាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ព្រមទាំងនាំយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយក្រុមគ្រួពេទ្យបានដេររបួសក្បាលចំនួន២០ថ្នេរ៕

ដកស្រង់ពី៖កោះសន្តិភាព