បណ្តាញសង្គម

សៀតពូថៅនឹងចង្កេះតាមរក​ប្រពន្ធដល់​ផ្ទះម៉ែក្មេក​ទៀត ចុងក្រោយប្រពន្ធ​ទ្រាំលែង​បាន…

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រើហិង្សាទៅលើប្រពន្ធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ពរ សុខា (ហៅវី) អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិទំនប់.ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីស្ត្រីរងគ្រោះជាប្រពន្ធបានបន្តថា បុរសជាប្តីតែងតែឈ្លោះជាមួយអ្នកជិតខាង និងរករឿងគាត់ជាប្រពន្ធរៀងរាល់ថ្ងៃ លុះនៅថ្ងៃកើតហេតុ ពេល ជនសង្ស័យមកដល់ផ្ទះ ស្រាប់តែជេរប្រមាថ ហើយស្ទុះមកវាយគាត់ចំក្បាល ធ្វើឱ្យគាត់ភ័យពេកក៏នាំកូនរត់ទៅផ្ទះម្តាយដែលនៅទល់មុខគ្នា តែជនសង្ស័យមិនព្រមឈប់ទៀត ហើយបានយកពូថៅសៀតនឹងចង្កេះមកតាមជេរប្រមាថគាត់, ម្តាយ និងពូរបស់គាត់ថែមទៀតផង ។

តាមប្រភពពីស្ត្រីរងគ្រោះជាប្រពន្ធបានបន្តថា ជនសង្ស័យជាប្តីបានយកដំបងឈើមកវាយទម្លាយទ្វារផ្ទះ និងគប់ដុំថ្មជាច្រើនដុំមកលើផ្ទះម្តាយរបស់គាត់ទៀតផង ដោយខ្លួនស៊ូទ្រាំលែងបាន ទើបគាត់មកដាក់ពាក្យបណ្តឹងដើម្បីកងរាជអាវុធហត្ថក្រុងចាប់ខ្លួនប្តីកំណាចម្នាក់នេះយកទៅចាត់ការតាមច្បាប់តែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធ និងវាយទ្វារផ្ទះម្តាយក្មេកពិតប្រាកដមែន ។

ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យ និងធ្វើតេស្តទឹកនោម ជាលទ្ធផលរកឃើញថា ជនសង្ស័យពិតជាមានសារធាតុញៀនក្នុងខ្លួនប្រាកដែម ។ បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព