បណ្តាញសង្គម

ល្បិច​ម្ល៉េះ​! យក​លេស​ហ៊ាន​ចូល​ដល់​ក្នុង​បន្ទប់​ស្ត្រី​អ្នកជំងឺ​ប្រព្រឹត្តិ​បែប​នេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះធ្វើសកម្មភាពលួចយកទូរស័ព្ទ២គ្រឿងរបស់អ្នកជំងឺម្នាក់ និងអ្នកកំដរម្នាក់ដែលកំពុងតែសំរាកព្យាបាលជំងឺក្នុងមន្ទីពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណុចអគារមហារីក ហើយឃាត់ខ្លួនបាននៅហាងកាហ្វេ ផ្លូវ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើ ឈ្មោះ ជា មេសា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិជ្រៃកោង ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង ចំណែកវត្ថុតាងដែលដកហូតបានមានទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកហូវ៉ៃ មួយគ្រឿង និងមួយគ្រឿងទៀតម៉ាក VIVO មួយគ្រឿងដែលជារបស់ជនរងគ្រោះ ។

ចំណែកជនរងគ្រោះឈ្មោះ ហុង មុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតខេត្តកំពង់ស្ពឺ ជាអ្នកជំងឺសំរាកនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតឈ្មោះ កែវ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិផ្លយសណ្តាយ ឃុំពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកកំដរអ្នកជំងឺ ។

បើតាមសំដីលោក ផន សំអូន នាយប៉ុស្តិ៍នគរបាលទំនប់ទឹក ឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺមានជនរងគ្រោះជាអ្នកជំងឺម្នាក់ និងជាអ្នកកំដរ ម្នាក់បានមកសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យខាងលើ លុះដល់ម៉ោងកើតហេតុស្រាប់តែមានបុរសជាជនសង្ស័យម្នាក់ដើរចូលទៅក្នុងបន្ទប់អ្នកជំងឺ ដោយយកលេសថា យកអ្នកជំងឺចូលដេកបន្ថែមទៀត ហើយគាប់ជួនឃើញទូរស័ព្ទរបស់ជនរងគ្រោះ២គ្រឿងកំពុងតែសាកថ្មទុកចោល ទើបជនសង្ស័យរូបនោះ ក៏លួចយកទៅតែម្តង ។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ ស្ត្រីរងគ្រោះឃើញក៏ស្រែកផ្អើលឆោឡោថា «ចោរៗ» ផ្អើលដល់សន្តិសុខយាមនៅមន្ទីពេទ្យ រត់ដេញតាមចាប់រហូតដល់ហាងកាហ្វេមួយកន្លែង ស្ថិតនៅផ្លូវ១៩៩ សង្កាត់ទំនប់ទឹក គាប់ជួនជួបនឹងកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលទំនប់ ក៏សហការគ្នាឃាត់ខ្លួនជនសង្ស័យបាន ព្រមឆែកឆេររកឃើញទូរស័ព្ទដៃ២គ្រឿង ជារបស់ជនរងគ្រោះ ទើបនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្តង ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកទូរសព្ទ័ចំនួន២គ្រឿងរបស់ជនរងគ្រោះ ដែលសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យពិតប្រាកដមែន ។

ក្រោយកើតហេតុ បន្ទាប់ពីសាកសួររួច ជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពិ៖កោះសន្តិភាព