បណ្តាញសង្គម

សូម្បីតែមន្ត្រីដេកយាម​ ក៏លោកបងនេះឆ្លៀតឱកាសមិន​លើកលែងឱ្យ​ដែរ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីជាប់កិច្ចសន្យានៅក្នុងក្រសួងអប់រំយុវជននិងកីឡាកំពុងតែដេកលង់លក់ ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងបានសម្រេច តែត្រូវម្ចាស់តាមទាន់ស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅសួរនាំតែម្តង។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ២១៤ ចំណុចក្រសួងអប់រំយុវជននិងកីឡា ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ។តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះនី សារត្ន័ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាមន្ត្រីជាប់កិច្ចសន្យានៅក្រសួងអប់រំយុវជននិងកីឡា ស្នាក់នៅផ្ទះលេខ៨០ ភូមិ១០ ផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានអោយដឹងថា មុនពេលកើតហេតុ គាត់កំពុងតែដេកយាមក្នុងកន្លែងធ្វើការនៅក្រសួងអប់រំ លុះពេលដល់វេលាកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ មិនដឹងថាចូលមកតាមណានោះទេ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់គាត់ដែលដាក់នៅលើក្បាលដំណេក។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីលួចទូរស័ព្ទបានសម្រេចហើយ ជនសង្ស័យរត់គេចខ្លួនរហូតដល់ផ្លូវព្រះនរោត្តមកែងផ្លូវ១៨៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ហើយគាត់បានរត់តាមពីក្រោយនិងស្រែកថា «ចោរៗ» ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះជួយអន្តរាគមន៍ចាប់បានភ្លាមៗផងដែរ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់ មួយជើង បណ្តាលអោយជនសង្ស័យរងរបួសទ្រោមខ្លួន រួចត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ជ័យជំនះ ។

ពេលសមត្ថកិច្ចធ្វើការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ដោយផ្លោះតាមទ្វារខាងក្រោយ រួចបំរុងនឹងទូរស័ព្ទហៅគ្នាមកដឹកយកចេញទៅដែរ តែត្រូវប៉ូលិសឃាត់ខ្លួនតែម្តង ។ ក្រោយពេលកើត ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ័យជំនះដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព