បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់សោកនាដកម្ម ដែលបន្សល់ទុកដោយសារសង្គ្រាម

(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញចូលរួមបុណ្យសពលោក ភាព ផល អាយុ៥៩ឆ្នាំ ដែលបានរងគ្រោះថ្នាក់ បាត់បង់ជីវិត ដោយសារការផ្ទុះគ្រាប់ផ្លោង ប្រភេទ ១០៥ មីលីម៉ែត្រ ដោយសារគាត់យក ទៅដាក់ជាទ្រនាប់ សម្រាប់ទ្រដំដែក ធ្វើជាកាំបិត ពូថៅ កាលពីថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៩ នៅភូមិ៧៦ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជាមួយនឹងការនាំយកមក នូវគ្រឿង ឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដើម្បីចូលរួមបុណ្យសព ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងបានសម្តែងនូវ សេចក្តីសោកស្តាយ ជាពន់ពេក ជូនដល់ក្រុមគ្រួសារសព ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យរាយការណ៍ ទៅសមត្ថកិច្ច ពាក់ព័ន្ធជាបន្ទាន់ នៅពេលជួប ប្រទះឃើញមីន និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ដើម្បីចូលរួម ទប់ស្កាត់នូវ សោកនាដកម្ម ដែលបន្សល់ទុក ដោយសង្គ្រាមទាំងនេះ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត ។

ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ថា សម្តេច តេជោ ហ៊ុន សែន មានការឈឺចាប់បំផុត នៅពេលដែលបានលឺថា មានបងប្អូន ប្រជាពលរដ្ឋបានស្លាប់ ពិការ ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ដោយសម្តេច បានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំ មកនូវសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ប៉ុន្តែសំណល់ សង្រ្គាមទាំងនេះ នៅតែសម្លាប់ ប្រជាពលរដ្ឋខ្មែរ ៕