បណ្តាញសង្គម

កាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលបានថវិការបឋមជាង ៤២ម៉ឺនដុល្លារ ពីសប្បុរសជននានា ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងសម្ពោធអគារកាកបាទក្រហមខេត្ត ដែលចំណាយថវិការសាងសង់ ប្រមាណជិត៦៥ម៉ឺនដុល្លារ!!!

កាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលបានថវិការបឋមជាង ៤២ម៉ឺនដុល្លារ ពីសប្បុរសជននានា ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងសម្ពោធអគារកាកបាទក្រហមខេត្ត ដែលចំណាយថវិការសាងសង់ ប្រមាណជិត៦៥ម៉ឺនដុល្លារ!!!

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅអគារសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ដោយប្រមូលថវិកាពីសប្បុរសជននានា បានជាបឋមប្រមាណជាង ៤២ម៉ឺនដុល្លារ និងសម្ពោធអគារកាកបាទក្រហមខេត្ត ដែលចំណាយថវិការសាងសង់ អស់ជិត៦៥ម៉ឺនដុល្លារ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម លី ឡេង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត គណៈកម្មាធិការ សមាជិកសមាជិការកាកបាទក្រហមខេត្ត សប្បុរសជន មន្ត្រីរាជការ អ្នកស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្សនិងកាយរិទ្ធយ៉ាងច្រើនកុះករ។

លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត ឡើងធ្វើរបាយការណ៍សង្ខេប ទាក់ទងនឹងសកម្មភាពពេញ១ឆ្នាំ ដែលកាកបាទក្រហមខេត្ត អនុវត្តបានក្នុងវិស័យមនុស្សធម៍ និងបានឲ្យដឹងថា អគារស្នាក់ការកាកបាទក្រហម ដែលត្រូវសម្ពោធនាថ្ងៃនេះ ដោយមានការគាំទ្រពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកាទក្រហមកម្ពុជា និងក្រោមការជ្រោមជ្រែង ពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៍ដូចជាថ្នាក់ដឹកនាំ និងសប្បុរសជននានា ទើបអគារលេចរូបរាងឡើងយ៉ាងស្រស់ស្អាត លើផ្ទៃដី ១០០ម៉ែត្រ*៩០ម៉ែត្រ ក្នុងតំបន់រដ្ឋបាលខេត្ត ដែលចាប់ផ្តើមសាងសង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ និងរួចរាល់រាល់នៅថ្ងៃទី២០ ខែឧសភាព ឆ្នាំ២០១៨ មានរយៈពេល ១៤ខែ ២ថ្ងៃ ដែលចំណាយទឹកប្រាក់សរុបទាំងអស់ប្រមាណ ជិត៦៥ម៉ឺនដុល្លារ ។

ជាមួយគ្នានោះដែរ ឯកឧត្តម លី ឡេង ប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត បានអានសារលិខិតទាំងស្រុងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ពីការងារមនុស្សធម៌ និងការងារជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា ទៅលើជនរងគ្រោះ និងជនងាយរងគ្រោះគ្រោះនៅគ្រប់ទិសទី ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ពិសេសជនរងគ្រោះនៅតាមបណ្តាសហគមនានាទូទៅ ក្រោមទិសស្លោកថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល»។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ឆ្នាំនេះសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ សប្បុរសជនបានចូលរួមជាថវិការសរុបបានជាង៤២ម៉ឺនដុល្លារ ក្នុងនាមឯកឧត្តម តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ គ្រប់លំដាប់ជាន់ថ្នាក់ទាំងអស់ និងសប្បុរសជននានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងការបរិចា្ចគនូវធនធានផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្ត ចូលរួមក្នុងចលនាមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ពិសេសកាកបាទក្រហមខេត្តត្បូងឃ្មុំ ជាកម្លាំងចលករទ្រទ្រង់ ដើម្បីបន្តសកម្មភាពបោះជំហ៊ានឈានឆ្ពោះទៅមុខជានិច្ច លើវិស័យមនុស្សធម៍ អោយកាន់តែខ្លាំងក្លាបន្ថែមទៀត ៕ (ដោយ៖វ៉ាន់ វីរៈ)