បណ្តាញសង្គម

ម្ចាស់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តត្បូងឃ្មុំ ទទួលបានការយល់ដឹងពីប្រកាសអន្តរក្រសួងលេខ៧១៩ប្រ.ក ក្នុងការធ្វើប័ណ្ណការងារ សៀវភៅការងារដល់ជនបរទេស

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ មន្ទីរការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លេខ៧១៩ប្រ.ក ស្ដីពីការពង្រឹងការងារ អធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងព្រះរាជាណា ចក្រកម្ពុជា រវាងក្រសួងមហាផ្ទៃ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកសារពាក់ព័ន្ធ

ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរង ខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ស៊ុយ សុភាព អនុប្រធាន អចិ៍ន្ត្រៃយ៍ក្រុម ការងារចម្រុះអធិការ កិច្ចលើប័ណ្ណ និងសៀវភៅការងារ បទេសប្រចាំ ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រីម្ចាស់ សហគ្រាសគ្រឹះស្ថាន ក្រុមហ៊ុន សិប្បកម្ម នគរបាលស្រុក/ក្រុង និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។

លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តត្បូងឃ្មុំ ឡើងអានប្រកាស អន្តរក្រសួង លេខ៧១៩ប្រ.ក ស្ដីពីការពង្រឹង ការងារអធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងឯកសារពាក់ព័ន្ធ និងនីតិវិធី និងបែបបទ នៃការស្នើសុំធ្វើ ប័ណ្ណការងារ សៀវភៅការងារ ជនបរទេស និងច្បាប់ការ ផាក់ពិន័យ ដែលខ្លឹមសារ នៃសេចក្តីប្រកាសនេះ មានគោលបំណង ជម្រុញឲ្យនិយោជក ឫម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សិប្បកម្មទាំងអស់ ដែលបានប្រើប្រាស់ ជនបរទេស ចូលមកអនុវត្តច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តម សេនីយ៍ទោ ស៊ុយ សុភាព អនុប្រធាន អចិ៍ន្ត្រៃយ៍ក្រុមការងារ ចម្រុះអធិការ កិច្ចលើប័ណ្ណ និងសៀវភៅការងារ បទេសប្រចាំខេត្ត បានឲ្យដឹងថា ៖ ដើម្បីអនុវត្តការងារ អធិការកិច្ចហត្ថពលកម្ម បរទេសនាឆ្នាំ២០១៨នេះ ទទួលបានលទ្ធផល ជោគជ័យសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបន្តការសហការ គ្នាអោយបានល្អ និងស្អិតរមួត ជាពិសេសជាមួយ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ហើយត្រូវគោរព នូវក្រមសីលធម៌ វិជ្ជាជីវៈនិងវិន័យ ដើម្បីរក្សាបាននូវ គុណតម្លៃ នៃកងកម្លាំងនគរបាល និងមន្ត្រីរាជការ សាធារណៈ ក្នុងការអនុវត្តច្បាប់ ក្នុងករណីដែល សង្ស័យថា សហគ្រាសគ្រឹះស្ថាន ណាមួយមានលាក់បាំង ជនបរទេស កំពុងធ្វើការដោយ គ្មានប័ណ្ណការងារ សៀវភៅការងារ ត្រូវសហការជាមួយ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីចុះត្រួត ពិនិត្យដោយពុំចំបាច់ជូន ដំណឹងជាមុន និងនាំយកជនល្មើស មកផាក់ពិន័យ ទៅតាមផ្លូវច្បាប់ ។

ឯកឧត្តម គន់ សុភា បានធ្វើការផ្ដាំផ្ញើ ដល់ម្ចាស់ឫតំណាង សហគ្រាសគ្រឹះស្ថានទាំងអស់ ដែលបានប្រើប្រាស់ ជនបរទេស ឫជនបទេស ដែលមកប្រកប របរអាជីវៈកម្ម ដោយខ្លួនឯង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ ត្រូវគោរពឲ្យបាននូវ ច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពី ការងារជាពិសេស ប្រកាសអន្តរក្រសួង លេខ៧១៩ប្រ.ក និងសេចក្ដីជូនដំណឹង លេខ១៨៨ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងអគ្គនាយកដ្ឋាន ការងារ ត្រូចវសហកាជាមួយ ក្រុមការងារចម្រុះអធិការ កិច្ចហត្ថពលកម្ម បរទេសប្រចាំខេត្ត និងមិនត្រូវ លាក់បាំងជនបរទេស ដែលចូលមកធ្វើការក្នុង សហគ្រាសគ្រឹះស្ថាន ពេលក្រុមការងារ ចម្រុះអធិការកិច្ចហត្ថពលកម្ម ចុះត្រួតពិនិត្យ ត្រូវប្រញាប់រួសរាន់ ធ្វើប័ណ្ណការងារ សៀវភៅការងារ ជនបរទេសអោយទាន់ តាមកាលកំណត់ ជៀងវាងរងការផាក់ពិន័យ តាមច្បាប់ស្ដីពីការងារ និងអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕