បណ្តាញសង្គម

ជម្លោះដីធ្លីអូសបន្លាយជាង១២ឆ្នាំ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចាត់ឲ្យក្រុមការងារដោះស្រាយបញ្ចប់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

 (ត្បូងឃ្មុំ)៖ ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃមួយ បានអូសបន្លាយ ជាង១២ឆ្នាំ ស្ថិតនៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ត្រូវបានដោះស្រាយ បញ្ចប់ហើយ រហូតបានប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ពួកគាត់ទៀតផង ។

ថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ជម្លោះដីធ្លីនេះ បានអូសបន្លាយចំនួន ១២ឆ្នាំ មកហើយ ហើយកន្លង ទៅអាជ្ញាធរ និងមន្រ្តីជំនាញ បានចេញមកដោះស្រាយ និងធ្វើការសម្របសម្រួល ជាបន្តបន្ទាប់ នៅឡើយតែភាគីទាំង២ មិនទាន់មាន ការឯកភាពគ្នា ។

ដោយបញ្ហានេះធ្លាក់ ទៅដល់ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចាត់ឲ្យ ក្រុមការងារដឹកនាំ ដោយឯកឧត្តមផ្ទាល់ ចុះទៅដោះស្រាយ រហូតបានបញ្ចប់ជាស្ថាពរ ។ ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា « ករណីទំនាស់ដីធ្លី ដ៏រុំារ៉ៃ ជាង១២ឆ្នាំ កន្លងមក ហើយរវាងលោក មល់ វួច និងប្រពន្ធឈ្មោះ ហ៊ួត ចាន់អូន ជាមួយលោក ឡុង ធុល និងប្រពន្ធឈ្មោះ ប៊ី ចាន់ថា មានទីតាំងដី ទំនាស់ស្ថិត នៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដែលក្រុមការងារ បានសម្របសម្រួល ដោះស្រាយរួចរាល់ កន្លងមកនោះ ត្រូវមន្ទីររៀបចំដែនដីខេត្ត បានកសាងឯកសារ តាមនីតិវិធី ដើម្បីចេញប័ណ្ណកម្មសិទ្ធ ជូនពួកគាត់រួចរាល់ហើយ បន្ទាប់ពីបាន ឯកភាពយោគយល់គ្នា ។ ថ្ងៃនេះ ក្រុមបានយក ប័ណ្ណកម្មសិទ្ធិដី ដែលបានចុះបញ្ជី រួចប្រគល់ ជូនពួកគាត់ ទាំងពីរដោយផ្ទាល់» ។ ជាការឆ្លើយតបវិញ និងមានអារម្មណ៍ រីករាយយ៉ាងខ្លាំងនោះ ប្រជាពលរដ្ឋទាំង២គ្រួសារ បានធ្វើលិខិត សូមគោរពថ្លែង អំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់សេចក្តីទុកចិត្ត ជូនឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចាត់ក្រុមការងារ ចុះសម្របសម្រួលដោះស្រាយ ជូនដល់ប្រជាពលរដ្ឋ បានចប់បែបនេះ ៕