បណ្តាញសង្គម

ទាំងនេះជាលក្ខណៈសម្បត្តិមួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​មុន​ខ្លះ​ពី Galaxy A80 ថ្មី​របស់ Samsung

ក្រុមហ៊ុន Samsung បានប្រកាសចេញស្មាតហ្វូន Galaxy ត្រកូល A ថ្មី មានលេខពីរខ្ទង់ បានចំនួន 6 ម៉ូឌែលហើយ រួមមាន Galaxy A10, Galaxy A20, Galaxy A30, Galaxy A40, Galaxy A50 និង Galaxy A70

ឯតម្លៃវិញ ក៏សមរម្យដែរ ដោយអាស្រ័យទៅតាមលក្ខណៈសម្បត្តិ លើម៉ូឌែលនីមួយៗ។ សម្រាប់ការបញ្ចេញវត្តមាន Galaxy A(xx) មកជាបន្តបន្ទាប់បែបនេះ គឺដើម្បីប្រកួតប្រជែងដណ្តើមទីផ្សារ ជាមួយក្រុមហ៊ុនចិន ដែលកំពុងវាយលុកតម្លៃលក់ និងឆក់យកទឹកចិត្តអ្នកប្រើប្រាស់ អោយទិញផលិតផលរបស់ពួកគេ។

ក្រៅពី Galaxy A10, A20, A30, A40, A50 និង A70 នោះ ក្រុមហ៊ុន Samsung ក៏នៅមាន Galaxy ត្រកូល A ចំនួន 3 ម៉ូឌែលទៀត ដូចជា Galaxy A60, A80 និង A90 ដែលអាចនឹងបង្ហាញវត្តមាន នៅពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ យើងក៏ទទួលបានព័ត៌មានលេចធ្លាយ លើលក្ខណៈសម្បត្តិខ្លះៗ ពី Galaxy A60 និង A90 ដែរ នៅឡើយតែ Galaxy A80 ប៉ុណ្ណោះ។

នៅក្នុងពេលថ្មីៗនេះ ស្រាប់តែយើងបានប្រទះឃើញ ការធ្វើតេស្តមួយនៅលើ Geekbench ដែលមានភ្ជាប់ជាមួយលេខសម្គាល់ SM-A85F ដោយគេបានបញ្ជាក់ថា វាជាម៉ូឌែល Galaxy A80។ តាមការធ្វើតេស្ត បានបង្ហាញថាទូរសព្ទ Galaxy A80 អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 675, មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz, ទទូលបានពិន្ទុ Single-core 2488 និង ពិន្ទុ Multi-core 6732។ ស្មាតហ្វូននេះ អាចនឹងមាន RAM ទំហំ 8 GB ដោយទំហំរ៉េមប៉ុណ្ណេះ វាអាចជួយអោយកម្លាំងម៉ាស៊ីន ដំណើរការបានល្អគួរសម សម្រាប់ការប្រើប្រាស់។ សម្រាប់លក្ខណៈសម្បត្តិវិញ ត្រូវបានបង្ហើបថា វាអាចនឹងមានអេក្រង់ទំហំធំ 6.7 អ៊ីញ ប្រភេទ OLED ជាមួយកម្រិតបង្ហាញរូបភាព Full HD+។ វាអាចនឹងមានថាមពលថ្មទំហំ 3700mAh ទ្រទ្រង់ជាមួយកម្លាំងសាក 27W បាន និងដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចេញពីប្រអប់។

សរុបមក យើងក៏មិនទាន់ដឹងច្បាស់ថា វាអាចនឹងដូចការបង្ហាញពីខាងលើ ទាំងស្រុង ឬអត់នោះដែរ គឺមានតែរង់ចាំព័ត៌មានផ្លូវការ ពីក្រុមហ៊ុន Samsung ផ្ទាល់ប៉ុណ្ណោះ ទើបអាចប្រាកដក្នុងចិត្តបាន។ យ៉ាងណា យើងនឹងធ្វើការអាប់ដេតជាព័ត៌មានជាបន្តទៀត មកចែករំលែកអោយប្រិយមិត្តទាំងអស់គ្នាបានដឹង ពេលទូរសព្ទនេះ ចេញប្រកាសផ្លូវការ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15813