បណ្តាញសង្គម

Intel សោកស្ដាយ​ដែល​ម៉ូដឹម 5G របស់​ខ្លួន​ ​មិន​ទាន់អាច​​បំពាក់​​លើ iPhone ក្នុង​​ឆ្នាំ 2020!

ការវិវត្តនៃបណ្ដាញប្រព័ន្ធ 5G គឺកំពុងតែងើបឡើងយឺតៗ ជាបណ្ដើរៗហើយ ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះក្រុមហ៊ុន Apple ទៅវិញហាក់បីដូចជា ជួបនូវបញ្ហាស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់ នាពេលបច្ចុប្បន្ននេះ។

ដូចដែលត្រូវបានរំពឹងទុកអញ្ចឹង ហើយក៏ស្រដៀងគ្នាទៅនឹង យុទ្ធសាស្ត្រទាក់ទងទៅនឹងបណ្ដាញប្រព័ន្ធ 4G កាលពីមុនមក ហើយដល់ពេលឥឡូវនេះ ក្រុមហ៊ុន Apple ក៏មានគម្រោងចង់រង់ចាំ ឲ្យគ្របដណ្តប់ទូលំទូលាយ នៅទូទាំងប្រទេសមុនសិន ទើបសម្រេចចិត្តចាប់ផ្ដើម ដាក់បញ្ចូនបណ្ដាញប្រព័ន្ធ 5G ទៅលើស្មាតហ្វូនរបស់ខ្លួន។

ចំណែកឯក្នុងកំឡុងឆ្នាំ 2019 នេះ យើងបានឃើញនូវ សេចក្ដីប្រកាសពី ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនរួចមកហើយ ដែលនឹងមានគម្រោង បញ្ចេញស្មាតហ្វូន 5G របស់ខ្លួននៅក្នុងឆ្នាំនេះតែម្ដង ទោះបីជាយ៉ាងណា ប្រសិនបើយោងទៅតាម របាយការណ៍ថ្មីបានចុះផ្សាយថា ក្រុមហ៊ុន Apple ចង់ឲ្យអ្នកប្រើប្រាស់ iPhone រង់ចាំបន្ដិច ប៉ុន្ដែយើងនៅមិនដឹងថា រយៈពេលយូរប៉ុន្មាននោះទេ។ ខណៈពេលដែលក្រុមហ៊ុន Qualcomm និងទាំងក្រុមហ៊ុន Samsung នឹងមិនផ្គត់ផ្គង់ម៉ូដឹម 5G ទៅឲ្យក្រុមហ៊ុន Apple នោះឡើយ សម្រាប់ពេលបច្ចុប្បន្ននេះ ដូច្នេះហើយមានតែក្រុមហ៊ុន Intel ប៉ុណ្ណោះដែលជាជម្រើស ដ៏សាកសមបំផុត។

ដោយគួរឲ្យសោកស្ដាយ ដែលក្រុមហ៊ុន Intel បានប្រកាសប្រាប់ថា ខ្លួននឹងមិនអាចផលិតម៉ូដឹម 5G ឲ្យបានតាមតម្រូវការរបស់ Apple នៅក្នុងឆ្នាំ 2020 នោះឡើយ ហេតុដូច្នេះហើយ បណ្ដាញប្រព័ន្ធ 5G សម្រាប់ iPhone អាចនឹងត្រូវបានពន្យាពេល ទៅកាន់ឆ្នាំក្រោយៗទៀតផង។ បើយោងទៅតាមរបាយការណ៍ ប្រភពមកពីសារពត៌មាន Fast Company បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Intel ត្រូវបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ បន្ទះម៉ូដឹម XMM 8160 5G ទៅឲ្យក្រុមហ៊ុន Apple សម្រាប់បំពាក់ក្នុង iPhone ស៊េរីឆ្នាំ 2020 ក៏ប៉ុន្ដែដោយសារតែ ពេលវេលាមានចំនួនកំណត់ សម្រាប់អភិវឌ្ឍបន្ទះម៉ូដឹមថ្មីនេះ។

សរុបមក ពិតប្រាកដណាស់ ការបាត់បង់មុខងារប្រព័ន្ធ 5G សម្រាប់ iPhone ស៊េរីឆ្នាំ 2020 គឺនឹងមិនអាចធ្វើឲ្យ មានផលប៉ះពាល់ដល់ក្រុមហ៊ុន Apple ខ្លាំងណាស់ណានោះទេ។ ចំណែកឯពាក្យចចាមអារ៉ាម ក៏បានដាក់បង្ហាញថា ក្រុមហ៊ុន Apple ក៏កំពុងតែរកវិធីផ្សេងៗទៀត សម្រាប់មកដោះស្រាយ នូវបញ្ហាមួយនេះ ដូច្នេះប្រសិនបើមានពត៌មានលេចធ្លាយ ទាក់ទងតទៅទៀត នោះក្រុមការងារ ខេមបូ រីផត នឹងចុះផ្សាយជូនប្រិយមិត្តអ្នកអាន ជាបន្ដទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15788