ឆ្នាំ 2020 កម្លាំងពលកម្មផលិតស្មាតហ្វូនរបស់ Sony នឹងត្រូវបន្ថយដល់ទៅចំនួន 50% ឯណោះ!
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
បន្ទាប់ពីការចូលនិវត្តន៍របស់ប្រធានក្រុមហ៊ុនSonyគឺលោក Hirai Kazua មានប្រភពពត៌មានផ្សេងៗ បានចុះផ្សាយពី រឿងពាក់ព័ន្ធទៅនឹង ការរៀបចំរចនាសម្ព័ន្ធថ្មី ដោយធ្វើការបូកបញ្ចូលគ្នារវាង ផ្នែកផលិតទូរទស្សន៍
អេឡិចត្រូនិក, ផ្នែកផលិតឧបករណ៍សម្លេង និងផ្នែកផលិតប្រព័ន្ធកាម៉េរា ឲ្យក្លាយទៅជា ក្រុមហ៊ុន Sony Electronics Products តែមួយវិញ។ លើសពីនោះ ក៏ថែមទាំងមានគម្រោង កាត់បន្ថយកម្លាំងពលកម្ម នៅក្នុងក្រុមហ៊ុន Sony Mobile ផងដែរ។
បើយោងទៅតាមរបាយការណ៍ ដែលបានចុះផ្សាយថ្មីមួយនេះ ដោយមានប្រភពមកពី ប្រទេសជប៉ុនផ្ទាល់ បានបង្ហាញឲ្យដឹងថា កម្លាំងពលកម្មនៅក្នុង ផ្នែកស្មាតហ្វូន របស់ក្រុមហ៊ុន Sony នឹងត្រូវកាត់បន្ថយ ដល់ទៅពាក់កណ្តាលនៃចំនួន 4,000 នាក់ ដែលកំពុងតែធ្វើការ នៅទីនោះ ហើយការអនុវត្តនេះ នឹងចាប់ផ្ដើមពីឆ្នាំ 2020 ខាងមុខនេះតទៅ។ មូលហេតុដែលក្រុមហ៊ុន Sony សម្រេចចិត្តជ្រើសរើស យកវិធានការថ្មីនេះ គឺដើម្បីតែចង់កាត់បន្ថយការចំណាយ ហើយលើសពីនេះទៅទៀត ក្រុមហ៊ុន Sony ក៏នឹងចាប់ផ្ដើមធ្វើការ កាត់បន្ថយ ទំហំចែកចាយស្មាតហ្វូនរបស់ខ្លួន ទៅតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតខ្លាំងតែនៅលើ តំបន់អឺរ៉ុប និងអាស៊ីបូព៌ាប៉ុណ្ណោះ។ ចំណែកឯបុគ្គលិក ជនជាតិជប៉ុនមួយចំនួន នឹងត្រូវបានបែងចែកតំណែង ទៅកាន់តំបន់ការងារដទៃទៀត ដោយឡែកបុគ្គលិក ដែលរស់នៅក្នុងតំបន់អឺរ៉ុប និងប្រទេសចិន ត្រូវបានជ្រើសរើស ឲ្យចូលនិវត្តន៍ ដោយស្ម័គ្រចិត្ដថែមទៀតផង។
សរុបមក នាពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ដឹង ឲ្យប្រាកដថា ក្រុមហ៊ុន Sony នឹងនៅតែមានក្តីសង្ឃឹម ក្នុងការផលិតស្មាតហ្វូន ជំនាន់ក្រោយៗទៀតនោះទេ ដោយស្មាតហ្វូនម៉ូឌែល Xperia 1, 10 និង 10 Plus ទើបនឹងដាក់ប្រកាសចេញលក់ ជាមួយនឹងអេក្រង់ប្រភេទ 21:9 ថ្មីប្លែកពិសេស មិនដែលមានពីមុនមក ប៉ុន្ដែទោះបីជាយ៉ាងក៏ដោយ គឺហាក់បីដូចជា នៅមិនទាន់អាច ទាក់ទាញចិត្តមនុស្យជាច្រើន ឲ្យមកប្រើប្រាស់ស្មាតហ្វូន របស់ខ្លួនវិញបាននៅឡើយទេ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15729