បណ្តាញសង្គម

កាន់​តែ​ខ្លាំង​ហើយ Lenovo! អេក្រង់​លាត​កប់ អង្គ​ផ្ទុក​ទិន្នន័យ 4TB ហើយ​ថែម​កាមេរ៉ា​ភ្លោះទៀត!

កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានមួយចំនួនលេចធ្លាយអំពី ទូរសព្ទអេក្រង់លាតកប់ពេញផ្ទៃ ខាងមុខរបស់ Lenovo រួចមកហើយ

ដោយបានបញ្ជាក់ ពីអគ្គនាយកក្រុមហ៊ុន ផ្ទាល់តែម្ដង ថាគេនឹងបញ្ចេញនូវទូរសព្ទ Lenovo Z5 នាពេលឆាប់ៗនេះ ដោយផ្ដោតសំខាន់ ទៅលើអេក្រង់លាតកប់ លើសក្រុមហ៊ុនទូរសព្ទនានា ក្នុងពេលបច្ចុប្បន្ន និងមានអង្គផ្ទុកទិន្នន័យ ធំមហិមា ដល់ទៅ ៤ តេរ៉ាបៃឯណោះ ញ៉ាត់ចូលក្នុងទូរសព្ទ ដ៏តូចនេះ។ ហើយមកដល់ ពេលនេះ បានលេចចេញនូវគុណភាព កាមេរ៉ារបស់ Lenovo Z5 នេះទៀត ដោយប្រើប្រាស់ កាមេរ៉ាក្រោយចំនួន ២ គ្រាប់ ភ្ជាប់ជាមួយនឹង បញ្ញាសប្បនិមិត្ត ឬហៅថា បច្ចេកវិទ្យា AI ដូចអ្វីដែលយើង បានឃើញនៅលើទូរសព្ទ កំពូលរបស់ Huawei និង Xiaomi អញ្ចឹង។ 

ព័ត៌មានលេចធ្លាយរូបភាព ដែលថតចេញនេះ ត្រូវបានបង្ហោះដោយលោក Chang Cheng អគ្គនាយករងនៃក្រុមហ៊ុន Lenovo តែម្ដង បានបង្ហាញនូវរូបភាព ២ សន្លឹក ដែលមានជាប់ Watermark នៅខាងក្រោមដាក់ថា Lenovo Z5 និង AI Dual Camera ដែលបង្ហាញ យ៉ាងច្បាស់ថា Lenovo Z5 នឹងប្រើប្រាស់កាមេរ៉ា ខាងក្រោយ ២ គ្រាប់ មានបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ដើម្បីជំនួយដល់ការ ថតរូប។ ហើយបើមើលទៅលើ រូបភាពជាក់ស្ដែង វាពិតជាគួរ ឲ្យសរសើរដែរ ដោយការថតនៅ កាលៈទេសៈខ្សោយពន្លឺ បែបនេះ វានៅបង្ហាញបាន ឃើញច្បាស់គ្រាន់បើ និងពន្លឺអំពូល ក៏មិនបែកចាំងដែរ ចំណែកឯការថតកុង ជាមួយពន្លឺថ្ងៃ វាមានកម្រិត High Dynamic Rage ល្អគ្រាន់បើ ដោយនៅរក្សាកម្រិត Highlight និង Shadow ឲ្យបានស្មើល្អ។

 

រូបភាពដែលបានថតចេញពីកាមេរ៉ាក្រោយរបស់ Lenovo Z5៖

 

អ្វីដែលនៅតែជាមន្ទិលសង្ស័យនោះ គឺកាមេរ៉ាខាងមុខ ដោយសារតែទូរសព្ទនេះ ត្រូវបានលាតអេក្រង់ទំហំ ៩៥% នៃផ្ទៃខាងមុខ ដែលស្ទើរគ្មានគែម ទៅហើយ ចុះតើក្រុមហ៊ុន នឹងអាចបំពាក់នូវ កាមេរ៉ា Selfie នៅត្រង់ កន្លែងណា? ឬត្រូវបំពាក់ការ ហូតចេញដូចជា Vivo APEX? យ៉ាងណាមិញ ចម្លើយទាំងនេះ យើងនឹងបានឃើញ នៅខែមិថុនា ខាងមុខនេះ។ ប៉ុន្តែពេលនេះ យើងបានដឹងកាន់តែ ច្បាស់ហើយថា Lenovo Z5 គឺមានអេក្រង់លាត ពេញផ្ទៃខាងមុខ ៩៥% និងមានស៊ុម ជាលោហៈ ហើយខ្នងក្រោយ អាចនឹងប្រើប្រាស់ សារធាតុកញ្ចក់ អ្វីដែលហួសនិស្ស័យនោះ គឺអង្គផ្ទុកទិន្នន័យរបស់វា លោតទៅដល់ ៤ តេរ៉ាបៃឯណោះ។ ហើយពេលនេះ យើងក៏បានដឹងច្បាស់ ហើយថា វានឹងបំពាក់កាមេរ៉ា ក្រោយភ្លោះ ដែលមានបច្ចេកវិទ្យា បញ្ញាសប្បនិមិត្ត ជំនួយនៅក្នុងការថត ផងដែរ ជាមួយគុណភាព អាចនិយាយថាល្អ។ ដូចនេះ យើង នឹងចាំមើលជា បន្ដទៀត។

 ដកស្រង់ចេញពីhttp://www.cambo-report.com/article/12542