បណ្តាញសង្គម

ទើប​ប្រឡូក​សិល្បៈ​ ខ្លឹម ស្រី​គា ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ ដល់ថ្នាក់ផ្អាកការសិក្សា

ក្រោយប្រឡង Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានកសាងប្រជាប្រិយ ភាពរបស់ខ្លួន ហើយមានបណ្ដា ផលិតកម្ម និងក្រុមហ៊ុនជាច្រើនបានទាក់ទងជាបន្តបន្ទាប់ ធ្វើឲ្យកញ្ញាទទួលបាន ឱកាសការងារក្នុងសិល្បៈ រហូតត្រូវផ្អាកការសិក្សាមួយរយៈ។

ស្រីស្អាតរូបនេះប្រាប់ថា នាងបានថតខ្សែភាព យន្តភាគឲ្យទូរទស្សន៍បាយ័ន មានចំណងជើងថា "ភូមិគ្រឹះជំពាក់ស្នេហ៍" សម្តែងរួមគ្នាជាមួយ តួឯកប្រុសវ័យក្មេង លោក ទ្រី តារាវុធ ដែលថតបានប្រមាណ៥០ភាគរយហើយ។ បើទោះជាលើកដំបូងក៏ពិតមែន តែតារាពន្លកថ្មីរូបនេះប្រាប់ថា ខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យខ្សែរឿងនេះទទួលបានជោគជ័យ។

លើសពីនេះ ស្រីគាបានក្ដាប់ ឱកាសធ្វើជាពិធីការីនី របស់កម្មវិធី “Freshie Girls & Boys” ជាការងារថ្មីសន្លាង សម្រាប់កញ្ញាផងដែរ។ ក្រៅពីនេះមានក្រុមហ៊ុនជាច្រើនបានហៅកញ្ញាសម្រាប់ថតដើរម៉ូដ ក៏ដូចជាស្ប៉ត់ពាណិជ្ជកម្មផ្សេងៗ តែកញ្ញាមិនទាន់មានពេលគ្រប់គ្រាន់ ទើបមិនអាចទទួលបានទាំងអស់។

ស្រីគានិយាយថា៖ "បើទោះការងារសិល្បៈមួយចំនួន ថ្មីសម្រាប់នាងខ្ញុំ តែនាងខ្ញុំខិតខំធ្វើឲ្យបាន និងអរគុណក្រុមហ៊ុនដែល បានផ្ដល់ឱកាសឲ្យ នាងខ្ញុំបានបញ្ចេញសមត្ថភាព។ ចំពោះការសិក្សានៅថ្នាក់ទី១២វិញ កញ្ញាថាមិនបោះបង់នោះទេ បើសិនជាមានពេលវេលាគ្រប់គ្រាន់ ជាងនេះកញ្ញានឹងបន្ត។

ខ្លឹម ស្រីគា ជាកូនពៅក្នុង ចំណោមបងប្អូន២នាក់ មានស្រុកកំណើត នៅរាជធានីភ្នំពេញ។ កញ្ញាតំណាងឲ្យកម្ពុជាបាន ចូលរួមក្នុងការប្រកួត Miss Grand International នៅកោះត្រល់កាលពីចុងឆ្នាំ ២០១៧។ ស្រីគាមិនទទួលជយលាភីទេ តែកញ្ញាបានសាងមុខមាត់ ឲ្យកម្ពុជាលើឆាកអន្តរជាតិ ដោយដណ្ដើមបាន ពានរង្វាន់ពិសេសមួយគឺ" ពានប្រជាប្រិយភាព"៕

ដកស្រង់ពី៖ Sabay