បណ្តាញសង្គម

អីយ៉ា! មុខដូចអ្នកប្រដាល់ល្បី តែមានជំនាញផលិតភាពយន្តគំនូរជីវចល និងប្រវត្តិកម្សត់ខ្លាំង

ប៉ោយ ឈុនលី គឺជាឈ្មោះផលិតករខ្មែរម្នាក់ ដែលមានជំនាញផលិតភាពយន្តគំនូរជីវចល ឬ Animation ដោយមុខមាត់របស់ផលិតកររូបនេះ មើលមួយភ្លែតស្រដៀងគ្នានឹងកីឡាករប្រដាល់ល្បីឈ្មោះ Manny Pacquiao របស់ប្រទេសហ្វីពីលីន។ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដើមឡើយ លោក ប៉ោយ ឈុនលី ជាកូនកសិករក្រីក្រម្នាក់ ដោយគ្រួសារខ្វះខាតខ្លាំងពេក លោកត្រូវបង្ខំចិត្តឈប់រៀនបន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រឌីប្លូម។

ពេលនោះក៏មានអ្នកអូសទាញរូបលោកឱ្យទៅធ្វើការនៅប្រទេសថៃ តែផលិតករម្នាក់នេះសុខចិត្តទ្រាំលំបាកតស៊ូរស់នៅដោយខ្វះខាត់ និងជិះកង់ចម្ងាយជាង ២០គីឡូម៉ែតរាល់ថ្ងៃ ដើម្បីទៅរៀនសិល្បៈគំនូរនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកគំនូរ និងសូនរូប ដែលបច្ចុប្បន្ន មានឈ្មោះថា សាលាហ្វារពន្លឺសិល្បៈ កិច្ចខិតខំរបស់វិចិត្រករ និងសិល្បៈកែច្នៃរូបមានចលនានេះកើតឡើងពីឆន្ទៈ និងការប្តេជ្ញាចិត្តដើម្បីរត់ឱ្យផុតពីជីវភាពក្រីក្រលំបាក។

លោក ប៉ោយ ឈុនលី បានប្រាប់ឱ្យដឹងថា៖ «នៅក្នុងភូមិយើងជាអ្នកក្រីក្រតោកយ៉ាកជាងគេ គឺយើងចាញ់គេ និងគ្មានឱកាសរៀនសូត្របានខ្ពស់ដូចគេទេ ដូច្នេះខ្ញុំក៏គិតថា បើមិនរៀនអ្វីម្យ៉ាងនោះទេ នោះប្រាកដជានៅតែក្រទៀតហើយ អីចឹងខ្ញុំក៏ស្គាល់សាលាហ្វារនេះ ទើបខ្ញុំមានសង្ឃឹមជាថ្មី»។

ជាកូនប្រុសច្បងក្នុងគ្រួសារ ដែលមានប្អូនប្រុសស្រីដល់ទៅ៧នាក់ទៀត ពិតជាបន្ទុកដ៏ធំមែន ដែលបង្ខំឱ្យរូបលោកត្រូវចាកចេញពីគ្រួសារតាំងពីអាយុជាង ១០ឆ្នាំ ទៅរស់នៅជាមួយដូនចាស់ ដែលមានរបលក់នំបន្តិចបន្តួច ដើម្បីដូរបាយអង្ករប៉ុណ្ណោះ។ វិចិត្រករគំនូរជីវចលរូបនេះប្រាប់ថា៖ «កាលពីខ្ញុំនៅក្មេង ខ្ញុំត្រូវក្រោកពីដេកតាំងពីម៉ោង ៥ព្រឹកដើម្បីជួយធ្វើនំ ហើយយកនំទៅលក់ ទើបជិះកង់ទៅរៀនតាមក្រោយ»។

ការលំបាករបស់ វិចិត្រកររូបនេះ ប្រែជាកម្លាំងចិត្តតស៊ូ សម្រាប់ការងារសិល្បៈគំនូរដែលរូបលោកចូនិយាយទាំងអួលដើមក លោក ប៉ោយ ឈុនលី ដែលមានអាយុ ៣៥ឆ្នាំទៅហើយ នៅតែមានអារម្មណ៍ក្តុកក្តួលពេលរម្លឹកដល់ជីវភាពជាង ២០ឆ្នាំមុន «ខ្ញុំនៅចាំបានថា ពេលខ្លះខ្ញុំជិះកង់មករៀនដោយអត់មានអាហារ ខ្ញុំឃ្លានខ្លាំងពេកក៏ទៅរើសផ្លែត្របែកទុំជ្រុះមួយមកហូប ស្អែកឡើងមាត់ខ្ញុំក៏ហើមដោយសារមេរោគនៅក្នុងផ្លែត្របែកហ្នឹង»។

តែរូបលោកនៅតែមិនបោះបង់ការសិក្សាផ្នែកសិល្បៈគំនូរឡើយ ព្រោះផលិតករម្នាក់នេះមានជំនឿជាក់ថាសិល្បៈគំនូរនឹងធ្វើឱ្យជីវិតរបស់លោកប្រែប្រួល។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងមានជំនាញក្នុងការគូររូបភាពបែបសិល្បៈ រូបលោកក៏ប្រលូកក្នុងការងារជាងគំនូរនៅខេត្តសៀមរាបមួយរយៈ តែដោយមិនសូវបានជោគជ័យ និងពិបាកក្នុងការរស់នៅ រូបលោកក៏ត្រលប់មកសាលាហ្វារពន្លឺរសិល្បៈវិញដើម្បីរៀនបន្ត និងជួយធ្វើការងារសាលាបណ្តើរ។

មិនយូរប៉ុន្មានរូបលោកក៏បានជួបជាមួយសិល្បករម្នាក់មកពីប្រទេសបារាំង ដើម្បីបង្ហាញពីការធ្វើគំនូរជីវចល រយៈពេល១ម៉ោង រូបលោកក៏បង្កើតទស្សនៈថ្មីលើសិល្បៈគំនូរ ដោយសិល្បកររូបនេះលើកឡើងថា៖ «ខ្ញុំអត់ដឹងថាគេយកគំនូរមកធ្វើជារឿងតុក្កតាអីចឹងសោះ ក្រោយពេលខ្ញុំបានដឹងពីរបៀបធ្វើ Animation ហ្នឹងភ្លាម ខ្ញុំក៏ចាប់ផ្តើមរៀនធ្វើវា»។ ដោយការធ្វើគំនូរជីវចល ត្រូវការគូររូបជាច្រើនសន្លឹក ហើយយកមកបន្តគ្នាក្នុងកម្មវិធីកំព្យូរទ័រ ទម្រាំបានមួយវិនាទីត្រូវការ២៥សន្លឹក បើ១នាទីត្រូវការរូបភាព ១ ៥០០សន្លឹក ហើយក្នុងមួយថ្ងៃរូបលោកអាចគូររូបបានចាប់ ២៥សន្លឹកទៅ៣០សន្លឹកប៉ុណ្ណោះ ព្រោះត្រូវគូរដោយដៃ តែក្រោយពេលលោកធ្វើបានរូបភាព១នាទីភ្លាម វាធ្វើឱ្យរូបលោកមានជំនឿថាលោកអាចធ្វើបាន។លចិត្ត និងដើម្បីក្តីស្រមៃដែលតែងប្រាថ្នា។

ស្ថិតក្នុងខេត្តបាត់ដំបង។ក្នុងឆ្នាំ២០០៣ វិចិត្រករគំនូរជីវចល ឈុនលី ក៏ហ៊ានទទួលគម្រោងផលិតរឿងគំនូរជីវចលដោយប្រថុយប្រថាន ក្នុងរយៈពេលជាង៣ខែ លោកក៏អាចធ្វើគម្រោងវីដេអូនោះបាន ក្នុងតម្លៃ ១ ០០០ ដុល្លារ ដែលមានរយៈពេលជាង១នាទី។ ភាពជោគជ័យនេះហើយបាននាំរូបលោកបង្កើតបានជាក្រុមផលិតគំនូរជីវចលនេះបាន រហូតមកដល់សព្វថ្ងៃ ដែលក្នុងមួយគម្រោងវីដេអូ ចាប់១នាទីមានតម្លៃចាប់ពី ២៥០០ ដុល្លា រហូតដល់ជិត ១ម៉ឺនដុល្លារ។ តាំងពីទទួលបានភាពជោគជ័យលើការផលិតគំនូរជីវចលរួចមកជីវភាពរបស់ លោក ឈុនលី ក៏បានប្រសើរជាងមុន ហើយក៏ទទួលបានឱកាសទៅរៀនបន្តលើផ្នែកគំនូរ និងការផលិតវីដេអូនៅប្រទេសបារាំងរយៈពេល៣ឆ្នាំ។

ពេលត្រលប់មកពីរៀននៅប្រទេសបារាំវិញក្នុងឆ្នាំ២០១៥ លោកទទួលបានឱកាសបង្ហាញវត្តមានជាតួអង្គមួយក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយអ្នកស្រី Angelina Julia ដែលកំពុងល្បីល្បាញលើឆាកអន្តរជាតិ។នៅក្នុងស្នាដៃសិល្បៈរបស់លោក ឈុនលី បង្កប់អត្ថន័យអប់រំពិសេស បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនសាមញ្ញ ហើយក៏មានភាពយន្តគំនូរជីវចលដែលបរិយាយពីរឿងព្រេង សម័យអង្គរ ជាមួយភាពស្រមើស្រមៃ ប្រែក្លាយរឿងខ្លីរយៈពេលមួយនាទីនោះឱ្យក្លាយភាពយន្តខ្នាតធំសម្រាប់ចាក់បង្ហាញទូទាំងសលក។

វិចិត្រករ សិល្បករ គំនូរជីវចល ប៉ោយ ឈុន មានក្តីប្រាថ្នាថា៖ «ខ្ញុំចង់ធ្វើឱ្យឧស្សាហកម្មផលិតភាពយន្តខ្មែរឈានមុន នឹងអាចស្រូបទាញយុវជន យុវនារីខ្មែរដែលចំណាកស្រុកឱ្យត្រលប់មកវិញ ហើយមានអាជីពក្នុងវិស័យនេះ»។

ព្រោះជាមុខរបបល្អនៅក្នុងស្រុកអាចទទួលបានកិត្តិយស រាល់ការសម្រេចការផលិតម្តងៗ លោកឈុនលីបន្ថែម។ បច្ចុប្បន្ន ផលិតករគំនូរជីវចល ប៉ោយ ឈុនលី កំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង និងគ្រប់គ្រងការផលិតភាពយន្តក្នុងក្រុមផលិតជីវចល Phare Creative។ លើសពីនោះទៀត លោក ឈុនលី ក៏កំពុងដឹកនាំយុវសិស្សមួយក្រុមដែលមានឈ្មោះថា «បាយម៉ាន» ដើម្បីរៀនផលិតភាពយន្តខ្លីថែមទៀត ដោយសិស្សរបស់លោកមួយចំនួនតែងតែឈ្នះក្នុងកម្មវិធីប្រកួតភាពយន្តខ្នាតខ្លីកន្លងមកជារៀងរាល់ឆ្នាំជាប់ៗគ្នា។

ដក់ស្រង់ពី៖Sabay