បណ្តាញសង្គម

iPhone 8 និង 8Plus លក់​មិន​សូវ​ចេញ​ ហាង​ខ្លះ​លក់ធ្លាក់ចុះ​ជាង ៥០ ភាគរយ​

iPhone 8 និង 8Plus ដែលបានបង្ហាញខ្លួន អំឡុងខែកញ្ញា និងបានចាប់ផ្ដើមលក់ នៅទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី ២២ កញ្ញា ២០១៧ គិតមកដល់ពេលនេះមានរយៈពេល ជាងកន្លះខែហើយ។

តាមប្រភពហាងដែល Sabay បានសាកសួរលើកឡើង ពីការធ្លាក់ចុះតម្រូវ ការទិញប្រើប្រាស់ នៅពេលហាងមួយ ចំនួនបញ្ជាក់ថា ការលក់ធ្លាក់ជាង ៥០ ភាគរយ។ បើតាមការបញ្ជាក់ពីបុគ្គលិកលក់ នៅហាក់លក់ទូរសព្ទ មួយនៅម្ដុំផ្សារថ្មីបានប្រាប់ Sabay ថា iPhone ជំនាន់ថ្មី ការលក់មានការធ្លាក់ចុះបើធៀប iPhone ស៊េរីមុនៗ។

ក្រោយពេល Apple ប្រកាសចេញលក់ iPhone ស៊េរីថ្មីមក មានអ្នកចាប់អារម្មណ៍ ច្រើនដែរ តែដោយសារមានម៉ូឌែល មួយទៀតគឺ iPhone X ដែលត្រៀមនិងចេញនៅ ខែធ្នូខាងមុខ ទើបធ្វើឲ្យអតិថិជន មិនសូវចាប់អារម្មណ៍។ នេះការលើកឡើងរបស់បុគ្គលិក លក់រូបនេះ។

មិនខុសគ្នានេះ លោក គាម សោភ័ណ ជាម្ចាស់ហាងលក់ទូរសព្ធ 3Plus នៅតាមបណ្ដោយផ្លូវកម្ពុជា ក្រោមបានឲ្យដឹងថា 8 និង 8Plus ស៊េរីថ្មីនេះ ការលក់ដំបូង មានការធ្លាក់ចុះច្រើន។ លោកមើលឃើញថា អតិថិជនភាគច្រើន ពុំទាន់ចង់ប្ដូរឡើង ស៊េរីថ្មីព្រោះប្រើ iPhone 7 មិនទាន់សាំ ណាមួយវាមានរូបរាងស្រដៀងគ្នា ទោះសមត្ថភាពខុសគ្នាពិតមែន។

លោកលើកឡើងបន្ថែមថា អាចអតិថិជន នៅរង់ចាំទិញ iPhone X ដែលក្រុមហ៊ុន Apple ត្រៀមបញ្ចេញលក់ នៅចុងឆ្នាំនេះ។ ងាកមកស្ដាប់ការរៀបរាប់ពីម្ចាស់ហាងម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះក៏ទទួលស្គាល់ ថាសម្រាប់ទីផ្សារលក់ចុះ សម្រាប់iPhone 8 និង 8 Plus។ "លក់មិនបាន 50% ផង អ្នកទិញភាគច្រើនពុំទាន់ ចង់ប្ដូរស៊េរីពួកគេ នៅរង់ចាំប្ដូរយក iPhone X តែម្ដង"។

លោកបញ្ជាក់ថា ឆ្នាំ២០១៧ នេះ មានចេញទូរសព្ទម៉ូឌែល ផ្សេងៗច្រើន ដែលធ្វើឲ្យអ្នកប្រើមួយងាក ទៅសាកម៉ាកផ្សេងៗក្រៅពី Apple។ ចំពោះតម្លៃ ម្ចាស់ហាងដដែលប្រាប់ថា មិនសូវខុសគ្នាប៉ុន្មានទេ។

ដកស្រង់ពី៖ Sabay