បណ្តាញសង្គម

Vertu ដាក់​ដេញ​ថ្លៃ​ទូរសព្ទ​ដែល​នៅ​សល់​ តម្លៃ​ចាប់​ពី​ ២៦ ០០០ ដុល្លារ​

ដូចដែលដឹងហើយថា ក្រុមហ៊ុនផលិតទូរសព្ទ សម្រាប់មហាសេដ្ឋី Vertu បានប្រកាសបិទទ្វារ ដោយសារមិនមាន លទ្ធភាពសងបំណុល ១៦៦ លានដុល្លារ ហើយពេលនេះក្រុមហ៊ុន បានយកទូរសព្ទដែលនៅសល់ មកដាក់ដេញថ្លៃក្នុង តម្លៃចាប់ផ្ដើមពី ២៦ ០០០ ដុល្លារឡើងទៅ។

ទូរសព្ទដែល Vertu ផលិតឡើងមានការរចនា ពិសេសបំផុតដែលផលិតឡើង ដោយដៃមនុស្សពិត ព្រមទាំងមានប្រើវត្ថុ ធាតុថ្លៃៗទៀតផង ដោយតម្លៃមានចាប់ពីខ្ទង់ ៤ ២០០ ដុល្លារ ទៅ ៣០ ០០០ ដុល្លារ។ ចំពោះទូរសព្ទដែលដាក់ដេញថ្លៃ វិញមានចំនួន ១០៥ គ្រឿងយកពីសារមន្ទីរ Vertu ដែលជាម៉ូដែលឆ្នាំ ២០០២ ទៅ ២០១៥។

តាមការលើកឡើងរបស់ G J Wisdom & Co, ដែលជាអ្នកទទួលខុសត្រូវ លើការដេញថ្លៃឲ្យដឹងថាស្មាតហ្វូន ដាក់ដេញថ្លៃនេះមានលាយ ជាមួយប្រភេទទូរសព្ទ Concept ដែរ។ ត្បិតថាមានលាយជាមួួយ ប្រភេទទូរសព្ទដែលដំណើរការ មិនប្រក្រតីមែន ប៉ុន្តែតម្លៃដែលដេញថ្លៃមានចាប់ពី ២៦ ០០០ ដុល្លារឯណោះ។

ការដេញថ្លៃបានចាប់ផ្ដើម ពីពេលនេះតទៅដោយធ្វើ ឡើងនៅលើវិបសាយ Bid Spotter៕

ដកស្រង់ពី៖ Sabay