បណ្តាញសង្គម

ចូលរួមរំលែកទុក្ខ! តួប្រុស​ James Bond ទទួលមរណភាពហើយ

តារាសម្ដែងប្រុសដ៏ល្បី និងជាតួ James Bond ០០៧ កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ និង៨០ លោក Roger Moore បានទទួលមរណភាពហើយកាលពីម្សិលមិញ។

លោក Roger Moore ដែលប្រិយមិត្តជាច្រើនស្គាល់ថាជា James Bond ក្នុងស៊េរីរឿង "James Bond” បានទទួលមរណភាពហើយ នៅអាយុ ៨៩ឆ្នាំ។ នេះបើតាមគ្រួសាររបស់លោកបានប្រកាសលើ គណនី Twitter របស់លោកផ្ទាល់។

បន្ថែមពីលើនេះ គ្រួសាររបស់លោក Roger Moore ក៏បានឲ្យដឹងដែរថា លោកស្លាប់ដោយសារជំងឺមហារីក នៅប្រទេសស្វីស ហើយចំពោះពិធីបុណ្យសពវិញ គ្រួសារនឹងរៀបចំជាលក្ខណៈឯកជន ក្នុងរដ្ឋ Monaco ទៅតាមអ្វីដែលលោកសំណូមពរ កាលនៅមានជីវិត។

លោក Roger Moore កើតក្នុងទីក្រុង London មានឪពុកជាប៉ូលិស និងម្ដាយជាមេផ្ទះ។ លោកឈប់រៀនថ្នាក់វិទ្យាល័យ និងបានទៅធ្វើការក្នុងក្រុមហ៊ុនភាពយន្តអង់គ្លេសមួយ។ រូបសម្បត្តិដ៏អំណោយផលរបស់លោក បាននាំលោកឲ្យមានឱកាសសម្ដែងក្នុងរឿង "Vacation from Marriage” ក្នុងឆ្នាំ ១៩៤៥ និងបន្តមានមុខជាហូរហែ ក្នុងភាពយន្តជាច្រើន ហើយរហូតដល់លោកមានអាយុ ៤៦ឆ្នាំ ជីវិតរបស់លោក បានទទួលជោគជ័យដ៏ធំ នៅពេលលោកបានដើរតួ “James Bond” ។

និយាយពីជីវិតអាពាហ៍ពិពាហ៍វិញ លោកធ្លាប់ឆ្លងកាត់ ៤ដង និងមានកូនចំនួន ៣នាក់។ ដោយឡែកក្រៅពីអាជីពសម្ដែង លោក ក៏បានចូលរួមក្នុងការងារមនុស្សធម៌ជាច្រើនដែរ ដូចជាជួយឧបត្ថម្ភកុមារ តាមរយៈអង្គការ UNICEF៕

ដកស្រង់ពី៖ Sabay