បណ្តាញសង្គម

រិន សាវ៉េត បន្ទោស​ខ្លួន​ឯង​ខ្លាំង ក្រោយ​បណ្ដោយ​ភរិយា​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ

បន្ទាប់ពីស្ថានភាពជំងឺមហារីកប្រពន្ធរបស់ខ្លួន មិនអាចសង្គ្រោះមកដូចដើមបាន ក្រោយឈានដល់ដំណាក់ការចុងក្រោយនេះ តារាចម្រៀងលោក រិន សាវ៉េត បានបន្ទោសខ្លួនឯងជាខ្លាំងថា មកពីខ្លួនមិនសូវមានរវល់នឹងសុខភាពប្រពន្ធនាំឲ្យធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង។

 

“មកពីខ្ញុំរវល់រឿងរកលុយពេក ចេញពីផ្ទះបាត់ៗ មិនបានសួរនាំប្រពន្ធ ឲ្យបានដិតដល់រឿងជំងឺនេះ ហើយប្រពន្ធខ្ញុំក៏ពូកែទ្រាំទៀត តែបើខ្ញុំមិនចេញមកបានលុយ បានមកពីណាចិញ្ចឹមប្រពន្ធកូន បង់ថ្លៃផ្ទះទឹកភ្លើង" ។

លោកថា ជំងឺរបស់ភរិយារបស់ខ្លួន ប្រសិនបើព្យាបាលតាំងចាប់ផ្ដើមមានដំបូង ប្រហែលមិនធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេ ប៉ុន្តែមកពីទើបបានដឹង ស្របពេលបានឈានដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ កន្លងមកលោក រិន សាវ៉េត ធ្លាប់បានបញ្ជូនភរិយា មកព្យាបាលម្ដងហើយកាលពីដើមខែ មករា ឆ្នាំ ២០១៧ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្សី។ ប៉ុន្តែក្រោយពីអាការបានប្រសើរក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យទៅសម្រាកព្យាបាលនៅផ្ទះវិញ។

ភរិយាតារាចម្រៀងរូបនេះ ទើបតែបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យដដែលនេះ ជាថ្មីម្ដងទៀតកាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០១៧ បន្ទាប់ពីមេរោគមហារីកបានរាល់ដល់ខួរក្បាល និងសួត ក្រោយចាក់ថ្នាំគីមីចូល។ តាមការបញ្ជាក់ពីលោក រិន សាវ៉េត មកទល់ពេលនៅភរិយារបស់លោក ស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ដោយគ្រូពេទ្យប្រាប់ថា មហារីកនោះ បានរីករាលដាល ដល់ខួរក្បាល និង សួត ថែមទៀត។

ទោះបីជាបាននាំប្រពន្ធមកព្យាបាល ជាច្រើនលើកច្រើនសារបែបនេះក្ដី លោក រិន សាវេត ថ្លែងថា ខ្លួននៅតែមិនអស់ចិត្ត ក្នុងនាមកាតព្វកិច្ចជាស្វាមី ដែលមិនបានមើលថែប្រពន្ធ ឲ្យបានរស់ដោយសុខស្រួល។

លោក រិន សាវ៉េត មានកូនប្រុសតែម្នាក់គត់វ័យជិត១០ឆ្នាំ ជាចំណងដៃអាពាហ៍ពិពាហ៍។ បច្ចុប្បន្នលោក និងក្រុមគ្រួសារស្នាក់នៅផ្ទះជួលមួយកន្លែងជាច្រើនឆ្នាំមកហើយ ខាងក្រោយមន្ទីរពេទ្យ ព្រះកុសុមៈ ឬ ពេទ្យលោកសង្ឃ ក្នុងខ្ទង់ជាង២០០ដុល្លារ ក្នុងមួយខែបូកទាំងទឹកទាំងភ្លើង៕

ដកស្រង់ពី ៖ Sabay