Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិននិយាយស្ដីរកគ្នារាប់ឆ្នាំ ប៉ុន្តែ សាយ សៀរ៉ា និង នី មុនី្ននាថ នៅតែអាចសម្ដែង​រួម​គ្នាយ៉ាងរលូន

  • បោះពុម្ព

វាជារឿងដ៏កម្រក្នុងវិស័យភាពយន្ដខ្មែរដែលតួអង្គឯកប្រុស និងតួអង្គឯកស្រីឈ្លោះប្រកែក អន់ចិត្ដមិននិយាយរកគ្នារាប់ឆ្នាំ ប៉ុន្ដែពួកគេនៅតែអាចបំពេញការងារថតបានយ៉ាងរលូន។

ប៉ុន្ដែតារាសម្ដែង សាយ សៀរ៉ា និងកញ្ញា នី មុនី្ននាថ ធ្លាប់អន់ចិត្ដមិននិយាយរកគ្នាជាង ៣ឆ្នាំ ប៉ុន្ដែអំឡុងពេលមិនត្រូវគ្នានោះ ពួកគេត្រូវថតរឿងជាមួយគ្នាដោយចៀសមិនរួច។ តាមរយៈខ្សែភាពយន្ដភាគ រឿង"រនៀតស្នេហ៍" ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០១៨ ពួកគេបានជួបមុខគ្នា និងសម្ដែងកៀកកើយជាមួយគ្នាជាញឹកញាប់។

ផ្ទុះពីសកម្មភាព និងពាក្យសម្ដីយ៉ាងផ្អែមល្ហែមនៅក្នុងការសម្ដែង ពេលចប់ឈុតម្ដងៗពួកគេបានគេចមុខដើរចេញតែរៀងៗខ្លួន ហើយក្នុងចិត្ដម្នាក់ៗតានតឹងជាខ្លាំង ដោយសារតែមិនបានសមប៉ារ៉ូលជាមួយគ្នាមុនថតដូចជាការសម្ដែងនូវរឿងផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់ សាយ សៀរ៉ា។ លោក សាយ សៀរ៉ា បានរំលឹករឿងរ៉ាវរបស់ខ្លួនតាមរយៈsabay នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថា រូបលោក និងកញ្ញា នី មុន្នីនាថ ធ្លាប់រួមការងារពិធីករ-ពិធីការិនីជាមួយគ្នា សម្ដែងរួមគ្នាទាំងភាពយន្ដ និងចម្រៀងខារាអូខេជាច្រើន។

នៅថ្ងៃមួយរូបលោក និងតារាស្រីម្នាក់នេះបាននិយាយទាក់ពាក្យសម្ដីគ្នាបន្ដិចបន្ដួច ហើយក៏ប្រកាន់យកត្រូវរៀងៗខ្លួន ទើបអន់ចិត្ដមិននិយាយរកគ្នាជាង ៣ឆ្នាំ។ សាយ សៀរ៉ា៖ "កាលថតហ្នឹង ខ្ញុំនៅប្រកាន់ថាទោះយ៉ាងណាក៏ដោយយើងកុំយករឿងផ្ទាល់ខ្លួនមកឡូកឡំជាមួយការងារ ហើយខ្ញុំក៏ធ្វើការជាមួយគាត់(នាថ)ធម្មតា ហើយអត់ឲ្យក្រុមការងារដឹងទេ គឺដឹងតែថៅកែទេ ហើយពេលធ្វើការធ្វើដោយរលូន...សាច់រឿងត្រូវចាប់ដៃចាប់ដៃ ត្រូវឱបៗ ត្រូវថើបៗ តែនៅពេលដែលយើងថតចប់នៅscene ហ្នឹងភ្លាមអត់និយាយរកគ្នា យើងទៅអង្គុយផ្សេងៗគ្នា"។ ទោះជាយ៉ាងណា សព្វថ្ងៃនេះរូបលោក និង នី មុន្នីនាថ បាននិយាយស្ដីរកគ្នាជាធម្មតា ហើយកាន់តែគោរព ស្រឡាញ់រាប់អានគ្នាលើសពីមុនៗ។

ជាក់ស្ដែងរូបលោក និងមុន្នីនាថ បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយគ្នាតាមរយៈការចែកអំណោយ និងបរិច្ចាគឈាម ព្រមទាំងបានចូលរួមជាមួយសិល្បករ-សិល្បការិនីជាង ១០០នាក់ បំផុសគំនិតជួយសង្គមតាមរយៈការបង្ហាញតំបន់ទេសចរណ៍សំខាន់ៗនៅលើទឹកដីអង្គរ ខេត្ដសៀមរាប កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះទៀតផង៕

ដកស្រង់ពី៖Sabay