Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ណុប បាយ៉ារិទ្ធ ស្ងើចសរសើរតារាស្រីពីររូបមានទេពកោសល្យ ស្នាដៃសម្តែងបានល្អខ្លាំង

  • បោះពុម្ព

តារាចម្រៀងកូនកាត់ចិន លោក ណុប បាយ៉ារិទ្ធ បានបង្ហាញអារម្មណ៍ស្ងើចសរសើរតារាសម្តែងស្រីរបស់ខ្មែរចំនួនពីររូប ដែលមានទេពកោសល្យ និង ស្នាដៃ ក្នុងការសម្តែងបានល្អ ខណៈកន្លងមក លោកមិនធ្លាប់បញ្ចេញអារម្មណ៍បែបនេះឡើយ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «ថ្ងៃនេះ ខ្ញុំសូមបង្ហាញពីតារាសម្តែងស្រី ២ រូប ដែលខ្ញុំស្រលាញ់ ចូលចិត្ត ស្ងើចសរសើរពីស្នាដៃទេពកោសល្យសម្តែងរបស់ពួកគាត់ខ្លាំងមែនទែន គឺទី ១.អ្នកនាង ស្វែង សុជាតា, ទី ២.តារាស្រី សាំង ភ័ស្តា»។

លោក បាយ៉ារិទ្ធ បាននិយាយថា «អ្នកនាង ស្វែង សុជាតា ធ្លាប់សម្តែងរឿងជាមួយគាត់ រឿង«ភូមិគ្រឹះចម្លែក» ចាប់តាំងពីរឿងទី ១ មកដល់ពេលនេះ គឺខ្ញុំនៅតែតាមដានរឿងដែលគាត់សម្តែងគ្រប់រឿង ហើយគាំទ្រសមត្ថភាពគាត់ក្នុងនាមជាអ្នកគាំទ្រម្នាក់»។ លោកថា «ចង់និយាយថា រាល់ការសម្តែងរបស់គាត់ គឺសឹងតែថាមើលទៅជាជីវិតពិត មិនមែនជាការសម្តែង មិនថាជាតួអង្គ ចរិតលក្ខណៈបែបណា កាចឆ្នាសឆ្នើម ម៉ឺងម៉ាត់ មាយាដកខ្ញី ឬ សាហាវ ស្លូត កម្សត់ គឺគាត់ធ្វើបានល្អបំផុត លេងដល់កម្រិត សឹងតែគ្មានកន្លែងទាស់»។លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា លោកពិតជាសរសើរសមត្ថភាពរបស់អ្នកនាង ស្វែង សុជាតា ខ្លាំងណាស់។

ក្នុងនោះ លោកនៅតែបន្តតាមដានទស្សនារាល់សមិទ្ធផលការងារសម្តែងថ្មីៗ របស់ អ្នកនាង ស្វែង សុជាតា បន្តទៀត។ ទន្ទឹមនោះ លោក ណុប បាយ៉ារិទ្ធ បន្តថា «ចំណែកឯទី ២ ប្អូនស្រី សាំង ភ័ស្តា។ តារាស្រី សាំង ភ័ស្តា ខ្ញុំធ្លាប់សម្តែង MV បទ«កែចិត្ត» របស់ផលិតកម្មហង្សមាសជាមួយគាត់លើកទី ១ កាលនោះគាត់បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីទេពកោសល្យរបស់គាត់ខ្លាំងណាស់ ក្រោយពីដឹងថាគាត់គឺជានាដការិនីរបាំបូរាណទៀត គឺខ្ញុំរឹតតែភ្ញាក់ផ្អើល ម្យ៉ាងទៀតឪពុករបស់គាត់ លោកគ្រូសូត្រ គឺជាសិល្បករផ្នែកតន្ត្រីបូរាណខ្លុយ ប៉ី ដែលតែងតែចូលរួមប្រគំថតជាសំឡេងតន្ត្រីក្នុងបទចម្រៀងប្រជាប្រិយ ចង្វាក់ប្រពៃណីខ្មែរ ក្នុងបទចម្រៀងផលិតកម្មហង្សមាសកន្លងមក។

ក្រោយមកទៀត ខ្ញុំបានទស្សនាការសម្តែងរបស់គាត់ នៅរឿងខ្មោចដើមចេកជ្វា និងរឿងបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន សមត្ថភាពសម្តែងរបស់គាត់រឹតតែរីកចម្រើន រឹតតែល្អជាងមុនខ្លាំង ខ្ញុំពិតជាស្ងើចសរសើរទេពកោសល្យរបស់គាត់ណាស់ គាត់សម្តែងមានលក្ខណៈធម្មជាតិល្អ សម្តែងដល់សក្ដិសម ហើយមើលទៅអត់ប្រឹងសោះ សមនឹងពាក្យដែលគាត់ប្រាប់ខ្ញុំថា ៖«ពិតដូចសម្តែង សម្តែងដូចពិត» ជាការសម្តែងមែន តែមើលទៅដូចជីវិតពិត ហាក់ដូចមិនមែនជាសម្តែងសោះ បើទោះជាបច្ចុប្បន្នគាត់សម្តែងជាតួបងស្រី តួម្តាយ តែសមត្ថភាពគាត់គឺពិបាកនឹងមានអ្នកណាប្រកួតប្រជែងបន្តិចហើយ»។

លោក ណុប បាយ៉ារិទ្ធ បញ្ជាក់បន្ថែមថា បំណងលោក ចង់ឃើញតារាស្រីទាំង ២ រូប បានសម្តែងជាមួយគ្នានៅក្នុងរឿងណាមួយ។ បើក្លាយជាការពិតមែន ហើយសាច់រឿងល្អទៀត លោកជឿជាក់ថា រឿងនោះ នឹងទទួលបានជោគជ័យ។ លោកថា លោកនេះហើយជាអ្នកគាំទ្រម្នាក់ គាំទ្រខ្លាំង និងមានមោទនភាពចំពោះអ្នកទាំង ២៕

ដកស្រង់ពី៖កម្ពុជាថ្នី