បណ្តាញសង្គម

ខាត់ សុឃីម រកតួសម្ដែងកាត់សក់តាមរោងការជំនួស ខាត់ ចំរើន បានហើយ

តារាពហុជំនាញ ខាត់ សុឃីម ធ្លាប់និយាយថា នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ អ្នកនាង និងប្អូនប្រុស គឺលោក ខាត់ ចំរើន នឹងមានការសម្ដែងរួមគ្នាជាច្រើនក្នុងពិធីកាត់សក់បង្កក់សិរីដល់កូនកំលោះ កូនក្រមុំតាមខេត្ដ ប៉ុន្ដែជាអកុសល្យប្អូនប្រុសក៏ស្លាប់មុនពិធីទាំងនោះចូលមកដល់។

 

នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះអ្នកនាង ខាត់ សុឃីម ប្រកាសថា បន្ទាប់ពីធ្វើបុណ្យខួបគម្រប់ ៧ថ្ងៃជូនប្អូនប្រុស ខាត់ ចំរើន រួច ក្រុមចម្រៀងប្រពៃណីរបស់អ្នកនាងចាប់ផ្ដើមបំពេញការងារជូនលោកមេបាជាធម្មតា។

ទន្ទឹមគ្នានេះគេក៏ឃើញតារាសម្បូរវោហារ ខាត់ សុឃីម ចាប់ដៃគូជាមួយនាយចាបចៀន និងនាយវ៉ាងអង ដើម្បីសម្ដែងជំនួសប្អូនប្រុសខ្លួនផងដែរ។សូមរំលឹកថា អ្នកនាង ខាត់ សុឃីម ដែលត្រូវជាបងស្រីបង្កើតតារាកំប្លែង ខាត់ ចំរើន ធ្លាប់ជាដៃគូសម្ដែងក្នុងពិធីកាត់សក់តាមរោងការជារៀងរាល់ឆ្នាំ។

ចុងឆ្នាំ២០២២ នេះ អ្នកនាងឲ្យដឹងថា ទទួលបានការងារកាត់សក់ជាមួយប្អូនប្រុសច្រើន ហើយថែមទាំងនិយាយលេងពេលប្អូនប្រុសធ្លាក់ខ្លួនឈឺថា “កុំទាន់អាលទៅណា បងទទួលរោងកាត់សក់គេច្រើនណាស់”។មិនយូរប៉ុន្មានប្អូនប្រុសរបស់អ្នកនាង គឺលោក ខាត់ ចំរើន បានស្លាប់ដោយសារជំងឺបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរនៅមន្ទីរពេទ្យកាល់ម៉ែត។

ពិធីបុណ្យសព និងបុណ្យខួប គម្រប់ ៧ថ្ងៃរបស់លោក ខាត់ ចំរើន ទើបបញ្ចប់ទៅកាលពីថ្ងៃម្សិលម្ង៉ៃ។ អ្នកនាង ខាត់ សុឃីម ក៏ចាប់ផ្ដើមការងាររបស់ខ្លួនជាធម្មតាជាមួយតារាសម្ដែងប្រុសផ្សេងៗជំនួសប្អូនជាបន្ដបន្ទាប់៕

ដកស្រង់ពី៖ Sabay