បណ្តាញសង្គម

Sunoo (ENHYPEN) សម្រេចផ្អាកសកម្មភាពសិល្បៈទាំងស្រុង ផ្អែកលើហេតុផលសំខាន់ទាក់ទងនឹងជីវិត

នៅថ្ងៃនេះមានសេចក្ដីរាយការណ៍មកថា Sunoo (ENHYPEN) នឹងសម្រាកពីការងារសិល្បៈជាបណ្ដោះអាសន្ន អាស្រ័យលើស្ថានភាពសុខភាពបច្ចុប្បន្នរបស់លោកមិនមាំទាំ។

ផ្អែកលើការប្រកាសនេះ បានសេចក្ដីថា Sunoo នឹងមិនបានចូលរួមសម្ដែងជាមួយនឹងសមាជិកនៅសល់ផ្សេងទៀតរបស់ក្រុម នៅកម្មវិធី KCON 2022 LA ទេ។ ជាការជូនដំណឹង ផលិតកម្ម BELIFT LAB បានឲ្យដឹងថា៖ «យើងសូមជូនដំណឹងទាក់ទងនឹង ស្ថានភាពសុខភាពរបស់សមាជិកក្រុម ENHYPEN គឺ SUNOO និងការងារនាពេលអនាគតរបស់លោក។

SUNOO បានពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត នៅថ្ងៃទី១៧ ខែសីហា ដោយសារលោកមានអាការៈធីងធោងវិលមុខ ដូចជាឈឺក្បាល និងគ្រុនញាក់។ គោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យ SUNOO នឹងសម្រាក ក៏ដូចជាផ្ដោតលើការថែទាំសុខភាពមួយរយៈសិន។ ស្របពេលលោកខ្លួនឯង សង្ឃឹមយ៉ាងមុតមាំថា នឹងអាចចូលរួមការសម្ដែងកម្មវិធី KCON 2022 LA ដែលនឹងធ្វើឡើងនៅ Los Angeles សហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ ប៉ុន្តែក្រុមហ៊ុនយើង បានសម្រេចថា គោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយគិតគូរពីបញ្ហាសុខភាពរបស់តារារបស់យើងជាចម្បង។

ហេតុដូច្នេះ SUNOO នឹងមិនបានចូលរួមក្នុងការសម្ដែង និងការ Promote ផ្សេងទៀតឡើយ។ យើងនឹងបន្តផ្ដល់ការគាំទ្រ និងសង្ឃឹមថា SUNOO នឹងជាសះស្បើយឆាប់ៗ ក៏ដូចជាធានាយ៉ាងច្បាស់ថា លោកនឹងអាចវិលមកជួបអ្នកគាំទ្ររបស់លោក ដោយមានសុខភាពល្អទាំងស្រុងនាពេលខាងមុខ។ សូមអរគុណ»។ ជាក់ស្ដែង សមាជិករួមក្រុមគឺ Jay ក៏បានផ្ញើសារបង្ហាញពីការបារម្ភ ចំពោះ ENGENE (អ្នកគាំទ្ររបស់ENHYPEN) ទាំងអស់ដែលព្រួយចិត្តនឹង SUNOO ដែរ។

ដោយសមាជិករូបនេះបាន សរសេរថា៖ «អ្នកទាំងអស់គ្នា សូមផ្ញើកម្លាំងចិត្តទៅកាន់ Sunoo...គាត់ត្រូវការការគាំទ្រជាជាងពេលណាទាំងអស់។ គាត់នឹងមានអារម្មណ៍កក់ក្ដៅ នូវក្ដីស្រឡាញ់ដែលអ្នកបានផ្ញើទៅគាត់ ទោះបីជាក្ដីស្រឡាញ់ទាំងនោះមិនឃើញនឹងភ្នែកផ្ទាល់ក៏ដោយ។ ប៉ុន្តែវានឹងធ្វើឲ្យគាត់មានកម្លាំង កាន់តែឆាប់ជា។ ដូច្នេះសូមឲ្យថាមពលទាំងអស់ កើតមានចំពោះ Sunoo»៕

ដកស្រង់ពី៖ Sabay