បណ្តាញសង្គម

MBC លុបប្លង់មាន Song Ji A ចេញខ្ទេច ក្រោយផ្ទុះរឿងប្រើរបស់ Fake តែអួតគេថា Brand ពិតៗ

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ MBC បានប្រកាសថាប្លង់ណាដែលមាន Song Ji A នឹងត្រូវកាត់ចេញទាំងអស់ពីកម្មវិធី "Point of Omniscient Interfere”។ ការសម្រេចនេះកើតឡើង ដោយសារផ្អែកលើអ្វីដែលបានបែកធ្លាយ ទាក់ទងនឹងអាស្រូវព័ត៌មានប្រើរបស់ក្លែងក្លាយបោកភ្នែកមហាជន ហើយមានមនុស្សមិនតិចទេ សំណូមពរសូមឲ្យដកនាងចេញពីកម្មវិធី។

ភ្លាមៗ ពេលសេចក្ដីប្រកាសរបស់ MBC ចេញផ្សាយទាក់ទងនឹងការលុបចោលការបង្ហាញមុខរបស់ Song Ji A លើកម្មវិធី "Point of Omniscient Interfere" ប៉ុន្តែងាកទៅ JTBC វិញបានបញ្ជាក់ថាកម្មវិធី "Ask Us Anything" ដែលក៏មានវត្តមានរបស់ Song Ji A ដែរនោះនឹងរក្សាភាពដើមដដែល។

នេះមានន័យថាពួកគេនឹងមិនកែសម្រួល ឬដកប្លង់នាងចេញពីកម្មវិធីនោះទេ។ តារាម៉ូដែល និង YouTuber ដ៏ស្រស់ស្អាតរូបនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង ពេលបង្ហាញខ្លួនក្នុងកម្មវិធី "Single's Inferno" របស់ Netflix។

ជាអកុសល មិនយូរប៉ុន្មាន កេរ្តិ៍ឈ្មោះរបស់នាង ត្រូវធ្លាក់ចុះមួយរំពេច ដោយសារជាប់ពាក់ព័ន្ធក្នុងបញ្ហាភាពចម្រូងចម្រាសនៃការប្រើប្រាស់ និងបង្អួតថាខ្លួនរស់នៅក្នុងលំដាប់ហាយសូ ប៉ុន្តែអ្វីដែលនាងប្រើសុទ្ធតែរបស់ក្លែងក្លាយ។ ក្រោយកើតរឿងនេះ សាមីខ្លួនក៏បានចេញលិខិតសុំទោស សរសេរដោយដៃផ្ទាល់ និងបង្ហោះលើគណនីបណ្ដាញសង្គមផ្ទាល់ដែរ៕

ដកស្រង់ពី៖Sabay