បណ្តាញសង្គម

ចុកចាប់រឿងគេធ្វើស៊ីមិនទាន់បាត់ផង ម៉ាដូណា ក្តៅស្លឹកត្រចៀក អ្នកបំផ្លើសរឿងទាំងនេះទៀត

តារាសម្តែងវោហាស័ព្ទចាក់ទឹកមិនលិច លោក ម៉ា ដូណា កំពុងតែក្តៅស្លឹកត្រចៀក ចំពោះអ្នកបំផ្លើសរឿងមិនពិតមួយចំនួនពីលោក រហូតធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលគ្រប់គ្នា។

ថ្មីៗនេះបន្ទាប់ពីឃើញវិបសាយមួយចំនួនសរសេរពីរឿងបំផ្លើសការពិតថា លោក ម៉ា ដូណា ខ្ចីលុយគេអត់សង ហើយយំអង្វរសុំជំនួយ រហូតធ្វើឲ្យលោក ម៉ា ដូណា ទ្រាំមិនបានក៏ចេញមុខផ្ញើសារទៅកាន់អ្នកព័ត៌មានមួយចំនួនឲ្យបានដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់លោក ដោយក្នុងនោះលោកបានបញ្ជាក់ថា តាមពិតរូបលោកផ្ទាល់មិនបានខ្ចីលុយគេហើយមិនសងនោះទេ ហើយក៏មិនយំអង្វរសុំជំនួយដែរ សូមកុំបំផ្លើសពីការពិតធ្វើឲ្យប្រិយមិត្តមួយចំនួនយល់ច្រឡំអី។

តាមពិតទៅ គួរតែសរសេរថា លោកចេញសងលុយគេជំនួស មិនមែនខ្ចីលុយគេយំអង្វរសុំជំនួយនោះទេ។ រម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ លោក ម៉ា ដូណា ដែលជាតារាសម្តែង បានទម្លាយរឿងផ្ទាល់ខ្លួន ស្រែកយំបោកខ្លួន ស្ពាយលុយដែលខ្លួនខំរកបាន បែរជាត្រូវរកសងគេជំនួសរហូតដល់ទៅ៥២ម៉ឺនដុល្លារឯណោះ ក្រោយកូនតុងទីនធ្វើស៊ីរត់ចោលមិនព្រមសងលុយ។

ក្រោយជំពាក់បំណុលជុំទិស ម៉ាដូណា ស៊ូលក់ឡាន លក់ខនដូ លក់ដីគ្រប់កន្លែង និងលក់គ្រឿងអលង្ការដើម្បីចេញសងជំនួសកូនតុងទីនដែលធ្វើស៊ីទាំងការប្រាក់ និងប្រាក់ដើម៕

ដកស្រង់ពី៖Sabay