បណ្តាញសង្គម

មកក្រោយគេមែន ប៉ុន្តែ Apple អាចនឹងដណ្ដើមតំណែងកំពូលអ្នកមុនៗបាន

តាមការព្យាករណ៍របស់ក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថាក្នុងឆ្នាំ ២០២០ នេះ ស្មាតហ្វូន 5G នឹងអាចលក់ចេញបានសរុប ២៣៤លានគ្រឿង ដែលស្មើនឹង ១៥% នៃចំនួនលក់ស្មាតហ្វូនគ្រប់ប្រភេទ។

ប្រៀបធៀបនឹងឆ្នាំ ២០១៩ ចំនួនលក់របស់ស្មាតហ្វូន 5G មានត្រឹម ១៨,៦លានគ្រឿង។ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ក្រុមហ៊ុន Samsung ជាជើងឯកលើទីផ្សារស្មាតហ្វូន 5G ដែលលក់ស្មាតហ្វូន 5G បាន ៨,៣លានគ្រឿង មានចំណែកទីផ្សារ ៣៤%។

ចំណែក Huawei ឈរនៅលេខពីរជាមួយចំនួនលក់ ៨លានគ្រឿង កាន់កាប់ទីផ្សារ ៣៣,២%។ យ៉ាងណាក្ដីនៅឆមាសទីពីរឆ្នាំ ២០២០ អាចនឹងមានការផ្លាស់ប្ដូរ។ ចំណែកទីផ្សារស្មាតហ្វូន 5G របស់ Huawei រំពឹងថានឹងមាន ២៧,៣% នៅឆមាសទីពីរ ដែលអាចឲ្យ Huawei ឈរនៅចំណាត់ថ្នាក់លេខ ១។

ចំណែក Apple ដែលគ្រោងនឹងបញ្ចេញស្មាតហ្វូន 5G នាចុងឆ្នាំ អាចនឹងហក់ឡើងមកកាន់តំណែងលេខពីរភ្លាមៗ នៅឆមាសទី ២ ឆ្នាំ ២០២០ ជាមួយចំណែកទីផ្សារ ២១,៤%។ Samsung ឯណោះវិញ អាចនឹងធ្លាក់មកនៅលេខ ៣ ជាមួយចំណែកទីផ្សារស្មាតហ្វូន 5G ប្រមាណ ១៧,៨%។

ការព្យាករណ៍របស់ Strategy Analytics បានឲ្យដឹងដែរថា Apple អាចនឹងដណ្ដើមតំណែងពី Huawei ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូន 5G បានច្រើនជាងគេក្នុងឆ្នាំ ២០២១ ជាមួយតម្រូវការខ្ពស់ពីទីផ្សារអាមេរិក និងអឺរ៉ុប ទន្ទឹមនឹងការពង្រីកសេវា 5G កាន់តែទូលំទូលាយផងដែរ៕

ដកស្រង់ពី៖sabay