បណ្តាញសង្គម

តារា TikTok ល្បីៗនៅឥណ្ឌា នឹងទៅជាយ៉ាងណា ក្រោយបិទឈប់ឲ្យប្រើ?

ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើន។

ក្នុងចំណោមកម្មវិធី ៥៩មានកម្មវិធីល្បីៗជាច្រើនដែលគេនិយមប្រើច្រើននៅឥណ្ឌា រួមមានកម្មវិធី TikTok ផងដែរ។ TikTok មានចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនបំផុតនៅប្រទេសឥណ្ឌា។

មានអ្នកប្រើប្រាស់ជាច្រើន បានបង្ហាញទេពកោសល្យពិសេសៗតាមរយៈកម្មវិធី រហូតទទួលបានភាពល្បីល្បាញ និងជាប់ឈ្មោះជាតារា TikTok ថែមទៀតផង។ ប្រសិនបើកម្មវិធី TikTok ត្រូវបានបញ្ឈប់ឲ្យប្រើនៅឥណ្ឌា តារា TikTok ទាំងនោះ នឹងត្រូវផ្លាស់ប្ដូរទៅប្រើប្រាស់បណ្ដាញទំនាក់ទំនងផ្សេងដើម្បីអាចបន្តការងាររបស់ពួកគេ។

កម្មវិធីដូចជា Instagram និង Snapchat អាចប្រើប្រាស់សម្រាប់បង្ហោះវីដេអូបែបខ្លីៗស្រដៀងគ្នានៅលើ TikTok ដែរ ប៉ុន្តែទាស់ត្រង់ថាវាមិនមាន Tool (ឧបករណ៍) ដូចជានៅលើ TikTok នោះទេ ហើយវាមានច្បាប់តឹងរ៉ឹងទាក់ទងនឹងកម្មសិទ្ធិបញ្ញានៃបទភ្លេងទៀតផង។

ក្រៅពីកម្មវិធីទាំងពីរ នៅមានកម្មវិធីមួយទៀតដែលបង្កើតឡើងដោយជនជាតិឥណ្ឌាផ្ទាល់ ឈ្មោះថា Chingari ជាប្រព័ន្ធសម្រាប់ចែករំលែកនូវវីដេអូខ្លីៗ ដែលតារា TikTok នៅឥណ្ឌា អាចអូសទាញអ្នកគាំទ្រមកកាន់កម្មវិធីនេះបាន។បើគិតត្រឹមថ្ងៃទី ២៤ ខែមិថុនា ក្នុងចំណោមគណនី TikTok ដែលមាន Follower ច្រើនជាងគេទាំង ៥០ មានគណនីឥណ្ឌាចំនួន ១៤ គណនី ដែលសរុបចូលគ្នាមាន Follower ជាង ៣៣៥លាននាក់៕

ដកស្រង់ពី៖sabay