បណ្តាញសង្គម

Hyundai បញ្ចេញព័ត៌មានលម្អិតអំពីឡាន Santa Fe ឆ្នាំ២០២១ ប្រភេទ Hybrid

Hyundai Santa Fe ស៊េរីថ្មីត្រូវបានក្រុមហ៊ុនបង្ហាញរូបរាងជាផ្លូវការកាលប្រមាណ ១ខែមុន ដែលពេលនោះក្រុមហ៊ុនមិនបានប្រាប់ព័ត៌មានលម្អិតច្រើននោះទេ។

ពេលនេះ Hyundai បានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងលក្ខណៈសម្បត្តិម៉ាស៊ីន Santa Fe ថ្មីសម្រាប់ទីផ្សារអឺរ៉ុប ដែលវាជារថយន្ត Hyundai ដំបូងនៅអឺរ៉ុបមានប្រើប្រាស់ម៉ាស៊ីន Smartstream ថ្មីរបស់ក្រុមហ៊ុន។សម្រាប់រថយន្ត Hyundai Santa Fe Hybrid មានគួបផ្សំដោយម៉ាស៊ីន Turbocharged ចំណុះ ១,៦លីត្រ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ៥៩សេះ។

ប្រភេទ Hybrid នេះមានជម្រើសបើកបរប៉ុងមួយ និងប៉ុងពីរ ដោយវាអាចផលិតកម្លាំងបានខ្ពស់បំផុតដល់ ២៣០សេះ។នាឆ្នាំក្រោយនឹងមានបន្ថែមប្រភេទ Plug-in Hybrid ដែលប្រើប្រាស់ម៉ាស៊ីន Turbocharged ដូចគ្នា ប៉ុន្តែមានគួបផ្សំនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៩០សេះ និងអាគុយចំណុះ ១៣,៨ kWh។

វាមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ និងប្រើប្រព័ន្ធបើកបរប៉ុងពីរ ហើយប្រព័ន្ធនេះអាចបង្កើតកម្លាំងបាន ២៦៥សេះ។ ដោយឡែក អតិថិជនដែលមិនពេញចិត្តនឹងរថយន្ត Hybrid ក្រុមហ៊ុនក៏មានផ្ដល់ជម្រើសម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ដែលអាចផលិតកម្លាំងបាន ២០២សេះ ហើយមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ ថ្មី ដែលក្រុមហ៊ុនទើបផលិត។រថយន្ត Santa Fe ថ្មី នឹងចេញលក់នៅអឺរ៉ុបនាខែកញ្ញានេះ ចំណែកសហរដ្ឋអាមេរិកនឹងមានលក់នាចុងឆ្នាំ ២០២០ នេះផងដែរ ដោយអាចនឹងមានលក្ខណៈសម្បត្តិខុសគ្នា៕

ដកស្រង់ពី៖sabay