បណ្តាញសង្គម

លី ច័ន្ទ​សីហា មិនបាច់​មាន​មនុស្ស​ប្រុស​ក៏​បាន !

រាជធានីភ្នំពេញ៖ រហូតមកទល់ពេលនេះលី ច័ន្ទសីហា នៅតែជាស្ត្រីមេម៉ាយកូនមួយ ក្រោយពេលបែកបាក់ស្វាមី ។

នាងបានក្រសោបយកកូនស្រីមកមើលថែ ។ លី ច័ន្ទសីហា នៅក្មេង ស្រស់ស្អាត តែនាងមិនបើកបេះដូងទទួលយក បុរសណាជាគូគាប់ទៀតឡើយ ដោយនាងនិយាយថា ប្រវត្តិស្នេហារបស់នាងកម្សត់ពេក ទើបរឿងស្នេហ៍ទុកម្តុំ ស្រវាតែការងារមុខជំនួញវិញ ។

លី ច័ន្ទសីហា តាំងពីក្លាយជានារីមេម៉ាយមក នាងរមែងផ្តល់កម្លាំងចិត្តខ្លួនឯង ដោយខំញញឹម និងពង្រឹងខ្លួនឲ្យកាន់តែរឹងមាំជាបន្តទៀត ។នាងនិយាយថា ត្រូវតែប្រឈមយកការណ៍ពិត ហើយមានតែការព្យាយាមពង្រឹងស្មារតីនេះហើយទើបធ្វើឲ្យ អ្វីៗបានប្រសើរឡើង មិនអាចអង្គុយឱបទុក្ខនាំលំបាកកាយវេទនាជាងនេះទេ ។

ជាក់ស្តែងតាមរយៈហ្វេសប៊ុករបស់លី ច័ន្ទសីហា ឃើញថានាងព្យាយាមបង្ហាញភាពញញឹម នៅក្បែរកូន និងខិតខំរកសុីលើមុខជំនួញដែលនាងបានបង្កើត ថ្មីៗដូចជាខាងដីធ្លី និងខាងលក់គ្រឿងសំអាងរក្សា សម្រស់ដែលកំពុងតែទទួលការគាំទ្រ ។ បែបនេះហើយទើបពិបាកធ្វើឲ្យលី ច័ន្ទសីហា យកពេលគិតលើរឿងស្នេហា ។

នាងយល់ថារឿងស្នេហាមិនសំខាន់ជាងកូន និងមុខរបរដែលជាទីសង្ឃឹម ធ្វើឲ្យនាងអាចដើរទៅមុខបានទេ ។ អ្នកនាងលី ច័ន្ទសីហា កាលពីពេល ថ្មីៗកន្លងមកនិយាយថា«ពេលនេះបើនិយាយពីបញ្ហាស្នេហាវិញគឺមិនអាចគិតថាកើតឡើងនោះទៀតឡើយក្រៅពីការមើលថែទាំកូនស្រីរបស់នាងខ្ញុំឲ្យល្អ ជាងយកពេលទៅគិតរឿងប្រុសដែលល្មមអាចឲ្យរាងចាលបាន ។

អារម្មណ៍ពេលនេះ មិនចង់និយាយពីអ្វីដែលថា រើសយកប្តីពេលណាទៀតគឺគ្មាននោះទេ នាងខ្ញុំសុំតែរកលុយចិញ្ចឹមកូនមានមុខរបរដូចពេលនេះគឺល្អហើយ ។ ឃើញខ្លួនឯងរឹងមាំអាចឈរលើកាយវិការមួយល្អនាងខ្ញុំក៏មានមោទនភាពដែរនៅពេលអាចក្លាយជាម្តាយគេផង ឪពុកគេផងបានហើយ ។

មានមិត្តភក្តិជិតដិតគេជួយលើកទឹកចិត្ត គឺពិតជាកក់ក្តៅមិនបាច់មាន មនុស្សប្រុសមើលថែក៏បានដែរ ។ បើសេសសល់ពេលវេលានាងខ្ញុំនឹងយកពេលមកធ្វើការ ក្នុងសង្គមមនុស្សធម៌ឲ្យបានច្រើន ចែករំលែកក្តីស្រឡាញ់ ដល់អ្នកខ្សត់ខ្សោយក៏ដូចជាជួយ អ្នកសិល្បៈដែលមានទុក្ខលំបាកដើម្បី ឲ្យមើលឃើញថាសិល្បៈក៏ចេះជួយគ្នា ។

ម្យ៉ាងទៀតក្រៅពីរកស៊ីនាងខ្ញុំនៅតែបន្តការងារសិល្បៈ គឺមិនអាចបោះបង់ចោលបាននោះទេ បើទោះជាមួយរយៈនេះនាងខ្ញុំខានសម្តែង តែក៏មិនដើរចេញដោយងាយឡើយ នៅតែស្រឡាញ់ដដែល» ៕

ដកស្រង់ពី៖ កោះសន្តិភាព