បណ្តាញសង្គម

បន្ទះឈីប Huawei Kirin 810 នាំ​មុខ Snapdragon 730 ទៅ​ទៀត ជាមួយ​ការ​តេស្ត​ពិន្ទុ AnTuTu

កាលពីចុងសប្ដាហ៍មុន Huawei បានប្រកាសចេញនូវ ផលិតផលស៊េរីថ្មីៗ នៅឯព្រឹត្ដិការណ៍មួយក្នុង ប្រទេសចិនផ្ទាល់តែម្ដង ដោយរួមមានដូចជា ស្មាតហ្វូនម៉ូឌែល Nova 5 និងថេប្លេត MediaPad M6 Tablet Duo ផងដែរ។ ក្រៅពីនេះទៅទៀត

ផលិតផលដ៏សំខាន់មួយ ដែលក្រុមហ៊ុន Huawei បានដាក់បង្ហាញនោះគឺ បន្ទះឈីប Kirin 810 SoC និងមានបំពាក់លើ ស្មាតហ្វូនម៉ូឌែល Nova 5 ថែមទៀតផង។ ចំណែកឯឈីបស៊េរីថ្មីនេះ គឺត្រូវបានបម្រុងទុក សម្រាប់ដំណើរការទាំង ស្មាតហ្វូនកម្រិតមធ្យម ហើយនិងថែមទាំងអាច រត់នៅលើស្មាតហ្វូនលំដាប់កំពូលផងដែរ។

បើទាក់ទងនឹងការប្រកួតប្រជែង បានបង្ហាញឲ្យឃើញថា Huawei មានគម្រោងបង្កើត បន្ទះឈីបថ្មីនេះឡើង គឺទុកជាការឆ្លើយតប ទៅកាន់បន្ទះឈីប Snapdragon 730 ដែលត្រូវបាន អភិវឌ្ឍដោយ Qualcomm ផងដែរ។ ទន្ទឹមនឹងនេះដែរ កម្មវិធីសម្រាប់ធ្វើតេស្ដ សមត្ថភាពស្មាតហ្វូន ដ៏មានប្រជាប្រិយភាព AnTuTu បានចែករំលែកអំពី លទ្ធផលប្រៀបធៀបរវាង បន្ទះឈីប Kirin 810 និងបន្ទះឈីប Snapdragon 730 ទៅលើចំនុចជាច្រើន ដែលរួមមានទាំង គុណភាពល្បឿន GPU ហើយថែមទាំងស៊ីភីយូ។ 

 

អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅលើចំនុចផ្នែក GPU ដែលបន្ទះឈីប Kirin 810 (73380 ពិន្ទុ) បាននាំមុខបន្ទះឈីប Snapdragon 730 (58149 ពិន្ទុ) ដាច់យ៉ាងឆ្ងាយតែម្ដង។ លើសពីនេះ ចំពោះផ្នែកស៊ីភីយូ បន្ទះឈីប Kirin 810 អាចទទួលបានចំនួន 92771 ពិន្ទុ ខណៈពេលដែល បន្ទះឈីប Snapdragon 730 តាមពីក្រោយបន្ដិច ស្ថិតនៅត្រឹមចំនួន 87316 ពិន្ទុ។ បើប្រៀបធៀបទៅលើ ពិន្ទុធ្វើតេស្ដសរុបវិញ យើងបានឃើញថា បន្ទះឈីប Kirin 810 គឺឈរលើតារាងកំពូល (237,437 ពិន្ទុ) ហើយបន្ទះឈីប Snapdragon 730 អាចទទួលបានពិន្ទុ ទាបជាងបន្ដិច (210,052 ពិន្ទុ) ផងដែរ។

សរុបមក Huawei ពិតជាធ្វើការបានល្អ ជាមួយនឹងឈីប ជំនាន់ចុងក្រោយនេះ ដោយអាចយកឈ្នះ បន្ទះឈីបកម្រិតមធ្យម Snapdragon 730 របស់ក្រុមហ៊ុន Qualcomm ថែមទៀតផង។ រហូតមកដល់ ពេលនេះ Nova 5 គឺជាស្មាតហ្វូនតែមួយគត់ ដែលត្រូវបានបំពាក់ដោយ បន្ទះឈីបស៊េរីថ្មីនេះ ប៉ុន្ដែ Huawei អាចនឹងនាំយក ឈីបនេះ ទៅបំពាក់លើស្មាតហ្វូន ជំនាន់ក្រោយៗទៀត ជាក់ជាមិនខានឡើយ។

ដកស្រង់ចេញពីCamborReport