បណ្តាញសង្គម

Nova​ 5​ ទើប​ប្រកាស​ចេញ​ក្តៅៗ​ពី​ Huawei​ មាន​កាមេរ៉ាក្រោយ​​ 4​គ្រាប់​​ ប្រើ​ឈីប​ថ្មី​ និង​អាច​សាក​ថ្ម​បាន​លឿន​ជាមួយ​កម្លាំង​ 40​វ៉ាត់​

ទីបំផុត ថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញ វត្តមានស្មាតហ្វូនម៉ូឌែល Nova 5 ជំនាន់ថ្មី មកបង្ហាញអោយពិភពលោក បានឃើញច្បាស់ ជាផ្លូវការហើយ ជាមួយរចនាបថរូបរាង បែបទាន់សម័យនិយម មានលក្ខណៈសម្បត្តិ ទាក់ទាញច្រើន

និងអាចចូលប្រកួតប្រជែង លើទីផ្សារ ជាមួយក្រុមហ៊ុនដទៃ ក្នុងពេលបច្ចុប្បន្នបាន។ ដើម្បីអោយប្រិយមិត្តអ្នកអាន បានជ្រាបកាន់តែច្បាស់នោះ យើងនឹងធ្វើការបង្ហាញ ពីលក្ខណៈសម្បត្តិ របស់ស្មាតហ្វូនម៉ូឌែល Nova 5 ដូចខាងក្រោម៖

• រចនាបថរូបរាង និងអេក្រង់៖

លើកនេះ Nova 5 ត្រូវបានរចនារូបរាងចេញមក កាន់តែមានភាពទាន់សម័យ ជាងមុន បើធៀបជាមួយម៉ូឌែល Nova 4 ជាមួយតួខ្នងកញ្ចក់ខាងក្រោយ និងមិនមានទ្រនាប់ស្កេនម្រាមដៃ ទៀតនោះទេ តែប្រើការស្គេនលើអេក្រង់ ជំនួសវិញ។ ទៅលើផ្នែកអេក្រង់ខាងមុខ គឺមានសភាពខុសគ្នា ពីបងរបស់វា ដែលជំនួយពីលេនទំលុះអេក្រង់ មកជាឆកតំណក់ទឹក ដែលជាកន្លែងដាក់ កាមេរ៉ាមុខ សម្រាប់ថត Selfie។ ចំពោះផ្ទៃអេក្រង់របស់វា មានទំហំ 6.39 អ៊ីញ ជាប្រភេទ OLED និងអាចបង្ហាញរូបភាពក្នុងកម្រិត Full HD+។

• កាមេរ៉ា៖

ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយ កាមេរ៉ាខាងមុខលើឆកតូច ទំហំ 32 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 ចំណែកកាណុងកាមេរ៉ាខាងក្រោយ មានចំនួនសរុប លោតដល់ទៅ 4 គ្រាប់ឯណោះ ជាមួយទំហំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល + 16 មេហ្គាភិចសែល ជាលេន Wide-angle + 2 មេហ្គាភិចសែល ជាសេនស័រថតព្រាល + 2 មេហ្គាភិចសែល ជាប្រភេទកាមេរ៉ា micro។

• កម្លាំងម៉ាស៊ីន 

 

វាជាស្មាតហ្វូនដំបូងរបស់ Huawei ដែលប្រើប្រាស់បន្ទះឈីប ជំនាន់ថ្មី Kirin 810 ខ្នាតទំហំតូច 7nm, មាន CPU ចំនួន 8 គ្រាប់ ដោយ 2 គ្រាប់ អាចរត់ក្នុងល្បឿន 2.27Ghz + 6 គ្រាប់ អាចរត់ក្នុងល្បឿន 1.88Ghz និងមាន GPU Mali-G52។ Nova 5 មានរ៉េម 8GB អមដោយទំហំអង្គផ្ទុកទិន្នន័យ 28GB និងអាចប្រើបានជាមួយកម្លាំងសាកបាន លោតដល់ 40W ដែល Huawei បានអះអាងថា វាអាចសាកថ្មចូលពី 0% ដល់ 50% ប្រើពេល 15នាទី ឬ 85% ប្រើពេល 30នាទី។

ជាចុងក្រោយ Nova 5 មានជម្រើសច្រើនពណ៌ សម្រាប់ជម្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌បៃតង និងពណ៌ស្វាយ។ ស្មាតហ្វូននេះ នឹងត្រូវដាក់ខាងក្រុមហ៊ុន Huawei ដាក់លក់ នៅដើមខែមិថុនា ខាងមុខនេះ ជាមួយតម្លៃខ្ទង់ 407 ដុល្លារ ដែលនេះជាកញ្ចប់តម្លៃដើម។

*** សម្រាប់ខ្ញុំ ចំពោះកញ្ចប់តម្លៃប៉ុននេះ គឺសមល្មម អាចស្វាគមន៍បាន ព្រោះលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីនរបស់វា ក៏មិនអន់នោះដែរ ជាពិសេស គឺទៅលើកាណុងកាមេរ៉ាភ្នែក 4 ខាងក្រោយនោះ។ យ៉ាងណា ខ្ញុំជឿថាប្រិយទៅលើម៉ូតឆក អាចនឹងមានមិនសូវពេញចិត្ត ប៉ុន្តែពិបាកថាដែរ អ្នកខ្លះចង់បានលេនទំលុះអេក្រង់ មើលទៅស្អាតប្លែក ចំណែកអ្នកខ្លះថា ឆកតំណក់ទឹក គ្រាន់បើជាង តែទីបំផុត គឺបែបហ្នឹង។

ដកស្រង់ចេញពីCamborReport