បណ្តាញសង្គម

vivo ទើប​បញ្ចេញ​បច្ចេកវិទ្យា​សាកថ្ម​ថ្មី អាច​បញ្ចូល​ថ្ម​ទំហំ 4000mAh ក្នុង​រយៈពេល​តែ 13 នាទី​ប៉ុណ្ណោះ

នៅក្នុងឆ្នាំនេះមានក្រុមហ៊ុនផលិតទូរសព្ទជាច្រើន បានបញ្ចេញស្មាតហ្វូនរបស់ខ្លួន ដែលទូរសព្ទនីមួយៗពិតជាមានការប្រកួតប្រជែងគ្នាមែនទែនដូចជាផ្នែកកម្លាំងម៉ាស៊ីននិងកាន់តែពិសេសនោះគឺទៅលើថាមពលថ្មតែម្តង ដោយយើងសង្កេតឃើញថា

ថាមពលថ្មនៅលើទូរសព្ទនីមួយៗ កាន់តែធំឡើងៗ។

វាមិនគ្រប់គ្រាន់ទេ បើបន្ថែមតែថាមពលថ្មនោះ ដូច្នេះហើយទើបក្រុមហ៊ុននីមួយៗ ព្យាយាមបង្កើតឧបករណ៍សាកថ្ម ដែលមានកម្លាំងសាក កាន់តែខ្លាំង ដើម្បីឲ្យវាមានភាព សមាមាត្រគ្នា ទៅនឹងទំហំថ្ម។ ជាក់ស្ដែងនៅក្នុងថ្ងៃនេះ vivo បានប្រកាសនូវបច្ចេកវិទ្យាសាកថ្មថ្មីមួយ ដែលមានកម្លាំងសាក រហូតដល់ 120W ដែលវាមិនទាន់មាន ក្រុមហ៊ុនណាអាចធ្វើបាន នៅឡើយទេ។ ចំពោះកម្លាំងសាកថ្ម ដ៏ខ្លាំងមួយនេះ ត្រូវបានគេហៅថា Super FlashCharge ដែល vivo បានអះអាងថា វាបញ្ចូលថ្មទូរសព្ទទំហំ 4000mAh ពេញ ដោយចំណាយត្រឹម រយៈពេល 13 នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ vivo ធ្លាប់បានបញ្ចេញរួចហើយ នូវកម្លាំងសាកថ្មទំហំ 44W ដែលមាននៅម៉ូឌែល iQOO ដែលជាទូរសព្ទ សម្រាប់លេងហ្គេម ដោយវាមានថ្មទំហំ 4000mAh ហើយចំពោះរយៈពេលសាកវិញ គឺវាចំណាយពេល 45 នាទី ទើបពេញ។ រីឯ Xiaomi វិញ ក៏ធ្លាប់បានប្រកាសពីកម្លាំងសាកថ្ម របស់ខ្លួនដែរ ដែលមានកម្លាំង រហូតដល់ 100W និងមានសម្ថភាពសាកថ្មទំហំ 4000mAh ក្នុងរយៈពេល 17 នាទី។

សរុបមកវិញ vivo នឹងធ្វើការប្រកាសនូវបច្ចេកវិទ្យាសាកថ្ម Super FlashCharge 120W នៅក្នុងព្រឹត្តិការណ៍ MWC Shanghai ដែលនឹងធ្វើឡើង នៅចុងខែនេះ ហើយពេលនោះយើងនឹងបានដឹងថា តើទូរសព្ទម៉ូឌែលមួយណា ដែលនឹងទទួលបានបច្ចេកវិទ្យា សាកថ្មដ៏លឿន មិនទាន់មាន គូប្រៀបនេះមុនគេ?

ដកស្រង់ចេញពីCamborReport