បណ្តាញសង្គម

Motorola One Pro អាច​មាន​កាមេរ៉ា​ក្រោយ 4 គ្រាប់ និង​អាច​ស្កេន​ស្នាម​ម្រាម​ដៃ​នៅ​លើ​អេក្រង់

កាលពីជាងមួយខែមុន ស្មាតហ្ចូន Motorola One Vision ត្រូវបានប្រកាសចេញជាផ្លូវការ ដែលវាមានកម្លាំងម៉ាស៊ីនសមរម្យ ដំណើរការដោយ Android One ដែល Motorola បញ្ជាក់ថា នឹងទទួលបាន ការអាប់ដេតលើប្រព័ន្ធសុវត្ថិភាព បានរយៈពេល 3

ឆ្នាំ និងអាចធ្វើការឡើង ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ រហូតដល់ទៅ 2 ឆ្នាំទៅមុខថែមទៀត។ រហូតមកដល់ពេលនេះ ពត៌មានលេចធ្លាយថ្មីមួយ បានបង្ហើបឲ្យដឹងថា ស្មាតហ្វូន Motorola ត្រកូល One ស៊េរីថ្មី អាចនឹងមានឈ្មោះថា Motorola One Pro ហើយយើង ក៏ឃើញមាន ប្រើប្រាស់ការឌីហ្សាញបែប ម៉ូតដំណក់ទឹក នៅផ្នែកកាមេរ៉ា Selfie និងថែមទាំងអាច ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់ បានផងដែរ។

បើយោងតាមរូបភាព គម្រូថ្មីនេះ បានបង្ហាញថា Motorola One Pro អាចមានអេក្រង់លាតធំ បន្សល់គែម កាន់តែខ្លី និងមានស្នាមអុចដោយម៉ូត ឆកតំណក់ទឹក ជាកន្លែងបំពាក់កាមេរ៉ាមុខ សម្រាប់ការថត Selfie។ ចំណែកកាណុងកាមេរ៉ា ខាងក្រោយវិញ គឺមានសរុបចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោល អាចមាន ទំហំ 48 មេហ្គាភិចសែល មាន OIS លើលេនចំនួន 2 គ្រាប់ ដោយកាមេរ៉ាទាំងអស់ ស្ថិតក្នុង តំបន់ជាមួយគ្នា ជាមួយ Flash LED មួយគ្រាប់ ស្ថិតនៅក្រៅតំបន់ ជួរខាងក្រៅនៃកាមេរ៉ា។ ស្មាតហ្វូននេះ អាចមានអេក្រង់ទំហំ 6.2 អ៊ីញ មានវិមាត្រ 158.7 x 75 x 8.8 មីលីម៉ែត្រ និងកម្រាស់ 9.8 មីលីម៉ែត្រ (បូកបញ្ចូលរួមទាំងកាមេរ៉ា)។ លើសពីនេះ វាអាចប្រើប្រាស់រន្ធសាកថ្ម ប្រភេទ USB-C និងនៅតែបន្តការប្រើ រន្ធដោតកាស 3.5 មីលីម៉ែត្រ ដោយក្រុមហ៊ុននេះ នៅតែមិនព្រមបោះបង់ចោល ដូចក្រុមហ៊ុនដទៃឡើយ។ តាមប្រភពដដែល បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានជម្រើសពណ៌ចំនួន 3 គឺ Dark purple, Dark bronze និង Black។

សរុបមកវិញ សម្រាប់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជា នៅមិនទាន់មាន ពត៌មានលេចធ្លាយ ច្រើននៅឡើយទេ។ ជាក់ស្ដែងចំណុចទាំងនេះ ស្ថិតនៅក្នុងរូបភាព មិនទាន់ផ្លូវការប៉ុណ្ណោះ ព្រោះយើងក៏មិនទាន់ដឹង ច្បាស់ថា ទាំងរចនាបថរូបរាង ម៉ូតកាមេរ៉ា និងលក្ខណៈសម្បត្តិរបស់ Motorola One Pro ក្នុងព័ត៌មានបែកធ្លាយនេះ នឹងក្លាយជាពិត ឬអត់នោះដែរ។ ដើម្បីអោយកាន់តែច្បាស់ យើងមានតែរង់ចាំមើល ព័ត៌មានប្រកាស ផ្លូវការពី Motorola តែប៉ុណ្ណោះ ដែលនឹងត្រូវប្រកាសចេញ ឆាប់ៗនេះហើយ!

ដកស្រង់ចេញពីCamborReport