បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួរសុខទុក្ខអ្នកជម្ងឺ និងពិនិត្យការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិក ចុះព្យាបាលជូនពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជម្ងឺ និងពិនិត្យការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសុខាភិបាលខ្មែរ នៅអាមេរិក ដែលបានមកជួយពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុក បារាយណ៍-សន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមការបញ្ជាក់របស់ប្រធានក្រុមការងារ សមាគមសុខាភិបាលខ្មែរ នៅអាមេរិក បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៩ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមនេះ បានចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយចល័តតាមបណ្តារាជធានី-ខេត្តផ្សេងៗគ្នា ដែលក្នុងមួយឆ្នាំៗ គឺបានពិនិត្យព្យាបាលជម្ងឺជូនប្រជាជនកម្ពុជា បានប្រមាណ៤-៥ពាន់នាក់។

ដូច្នេះសរុបទាំង៩ឆ្នាំ គឺបានពិនិត្យព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាសរុបជាង៤ម៉ឺននាក់។ ការពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋលើកទី៩នេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១១ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានក្រុមគ្រពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក ចំនួន៣៥នាក់ សរុបទាំងគ្រួពេទ្យស្ម័គ្រចិត្តកម្ពុជាផងដែរជាង៩០នាក់ហើយ ក៏មានការចូលរួមសហការពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ផងដែរ។

លោក ញ៉ែម ពីញ ប្រធានការិយាល័យប្រតិបត្តិស្រុកបារាយណ៍ បានឱ្យដឹងថា ក្នុងរយៈពេល នៃការព្យាបាល គឺ៥ថ្ងៃដោយក្នុងមួយថ្ងៃទទួលអ្នកជម្ងឺ៨០០នាក់ មកព្យាបាលជម្ងឺ គឺផ្ដោតសំខាន់ទៅលើមនុស្សចាស់ដែលបានអញ្ជើញមកពិនិត្យដូចជា៖ ជម្ងឺឆ្អឹង ជម្ងឺសន្លាក់ ជម្ងឺលើសឈាមជាដើម។

ជាមួយគ្នានេះ ក្នុងការចុះសួរសុខទុក្ខនេះលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីការព្យាបាល ក៏ដូចជាគិតពីបញ្ហាសុខភាព ជាពិសេសត្រូវមានអនាម័យ ហើយធ្វើយ៉ាងណាត្រូវមកដល់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យមានការព្យាបាលឱ្យបានទាន់ពេលវេលា។

ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានលះបង់ថវិកាសម្ភារផ្ទាល់ខ្លួន មកជួយប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំក៏ដូចជា ប្រជាពលរដ្ឋទូនៅទាំង ប្រទេសកម្ពុជា៕

ដកស្រង់ពី៖ Fresh News