បណ្តាញសង្គម

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ សាធារណរដ្ឋឆែក នឹងបន្ដផ្ដល់ជំនួយ, ការបណ្ដុះបណ្ដាល និងពង្រីកកិច្ចសហប្រតិបត្ដិការកាន់តែប្រសើរ នៅកម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែក ដែលបន្ដជួយកម្ពុជា លើវិស័យសុខាភិបាល ទាំងជំនួយថវិកា សម្ភារៈបរិក្ខារពេទ្យ និងពង្រីកកិច្ចសហប្រតិបត្ដិការជាមួយសាកវិទ្យាល័យ និងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបណ្ដុះបណ្ដាលអ្នកឯកទេសផង ហើយអ្នកឯកទេសរបស់ឆែក ក៏មកធ្វើការនៅកម្ពុជាផង ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនងក្នុងការងារវេជ្ជសាស្ដ្រ ខាងជំងឺមហារីក សសៃប្រសាទ វះកាត់បេះដូង រោគស្ដ្រី និងព្យាបាលកុមារតូច។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេងថ្លែងបែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក ដែលដឹកនាំដោយលោក អ៊ីវ៉ូ បារែក អនុប្រធានព្រឹទ្ធសភាឆែក នាថ្ងៃទី១៣ ខែធ្នូនេះ នាទីស្ដីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រីបន្ដថា «សាធារណរដ្ឋឆែក បានជួយលើវិស័យសុខាភិបាលយើង ចាប់តាំងពីមុនសម័យប៉ុលពតមកម្ល៉េះ ហើយពេលក្រោយរំដោះ សាធារណរដ្ឋឆែក បានមកបន្ដជួយបន្ថែមទៀត គឺបានជាសាងសង់មន្ទីរពេទ្យ និងបំពាក់ឧបករណ៍បរិក្ខារពេទ្យ និងជួយនៅមន្ទីរពេទ្យបង្អែកខេត្ដ តាកែវ និងតាមមណ្ឌលសុខភាពទាំង១១ ក្នុងខេត្ដតាកែវទៀតផង ពិសេសក៏បានបញ្ជូនប្រជាពលរដ្ឋទៅព្យាបាលប្រទេសគាត់ផងដែរ»

រដ្ឋមន្ដ្រីបន្ដថា «បច្ចុប្បន្ននេះ សាធារណរដ្ឋឆែក នឹងបន្ដជួយបន្ថែមទៀត លើវិស័យសុខាភិបាលយើងជាច្រើនផ្នែកទៀត ដែលនេះជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាយើង ពិសេសឆែក នឹងជួយអ្វីបន្ថែមទៀត ដែលជាតម្រូវការរបស់កម្ពុជា ពិសេសបណ្ដុះបណ្ដាលធនធានគ្រូពេទ្យយើង នៅតាមជំនាញផ្សេងៗទៀត»។ លើសពីនោះ រដ្ឋមន្ដ្រីបន្ដថា ក្រសួងសុខាភិបាលកម្ពុជា និងបន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្ដិការជាមួយ សាធារណរដ្ឋឆែក កាន់តែស្អិទរមួត ដើម្បីឲ្យវិស័យសុខាភិបាលមួយនេះ កាន់តែរីកចម្រើន ដើម្បីជួយប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធិភាពខ្ពស់៕


 

ដកស្រង់ពី៖FRESH NEWS