បណ្តាញសង្គម

សហគ្រិន​កម្ពុជា ម៉ាឡេស៊ី ចាប់​ដៃ​គ្នា​បោះ​ទុន​រាប់​លាន ត្រៀម​បង្កើត​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដ៏​ធំ​មួយ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Blue Sky (កម្ពុជា) បានចាប់ដៃគូជាមួយក្រុមហ៊ុន Owners Cycles កាលពីព្រឹកម្សិលមិញនេះ ដើម្បីបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយទៀតនៅកម្ពុជាដែលហៅថា BabyLon Development ដើម្បីសង់ផ្ទះដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនខ្មែរ។

លោក Jonathan Quek អគ្គនាយក Owners Cycles បានលើកឡើងថា៖ “គម្រោង BabyLon Development ថ្មីនេះ យើងត្រៀមនឹងបោះទុន ៣០លានដុល្លារ ដោយយើងបានសហការជាមួយក្រុមហ៊ុន Fucon ដែលមានជំនាញខាងផ្នែកនេះ ក៏ដូចជាឈរជើងនៅម៉ាឡេស៊ីបាន ៤២ឆ្នាំហើយ"។លោក នួន អក អគ្គនាយក Blue Sky និង Success Academyបានបន្ថែមថា៖ "គម្រោងនេះយើងធ្វើនៅភ្នំពេញ តែមិនទាន់អាចបញ្ជាក់ពីទីតាំងបានឡើយ ហើយក្រោយការវិនិយោគនេះ យើងនឹងឈានដល់ការចុះផ្សារហ៊ុនអន្តរជាតិនៅហុងកុង និងសិង្ហបុរី"។

តាមរយៈការចាប់ដៃគូនេះ ក៏នឹងនាំ Owners Cycles ចូលមកកម្ពុជាដែរ ដែលជាក្រុមហ៊ុនជួយអ្នកមានអាជីវកម្មចាស់ៗ ហើយចង់ពង្រីកបន្ថែម តាមរយៈការបណ្ដាក់ទុនចូលក្នុងអាជីវកម្មនោះ។ លើសពីនេះ អ្នកទាំង២ ក៏នឹងត្រៀមនាំ Success Academy ទៅបើកបន្តនៅម៉ាឡេស៊ី ឡាវ ភូមាជាដើម៕

ដកស្រង់ពី៖Sabay